(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ដោយខេត្តសៀមរាបជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ព្រមទាំងជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និងដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វីកើតឡើង។ ម៉្យាងទៀតនៅពេលមានកិច្ចប្រជុំថ្នាក់កំពូលធំៗ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការរឹតបណ្តឹងលើការងារសន្តិសុខ សុវត្ថិភាព យ៉ាងតឹងរឹង និងមានកិច្ចសហប្រតិបត្តិការបានល្អជាមួយបណ្តាប្រទេសជិតខាង សំខាន់ប្រទេសថៃ ដែលមានភូមិផងរបងជាមួយគ្នាផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក លោក ពិន ប្រាកដ ជំនួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោក ពិន ប្រាកដ បានបន្តថា ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ។ ម៉្យាងទៀត ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរ និងសន្តិសុខមូលដ្ឋាន។
លោកបន្តថា គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅ កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូលមកក្រុងសៀមរាប ដើមី្បសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ។
លោក ពិន ប្រាកដ បានបញ្ជាក់អំពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ក្នុងពេលកន្លងមកនេះ បង្កឡើងដោយកំហុសបច្ចេកទេសរថយន្ត ពុំដូចតាមប្រព័ន្ធបណ្តាញសង្គមដែលបានលើកឡើងនោះឡើយ ហើយក្រុមសមត្ថកិច្ចជំនាញ ក៏បានកំពុងបន្តធ្វើការស្រាវជ្រាវពីករណីនេះផងដែរ។
ទន្ទឹមនឹងនោះដែរ លោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ បានធ្វើការបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូ ដោយបានផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបានលើកពីចម្ងាយផ្លូវពីក្រុងសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។ ក្នុងនោះដែរ ក្រុមប្រតិភូ បានបញ្ជាក់ថា ការងារសន្តិសុខ គឺមានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ តែក្នុងពេលកន្លងមកថ្មីៗនេះ តាមព័ត៌មានបណ្តាញសង្គម លើកពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ហើយតាមពាក្យអាចាមរាមមួយចំនួន ដែលជាពាក្យមិនល្អមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកវរៈសេនីយ៍ឯកកនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ ក្នុងនាមតំណាងប្រតិភូអនុព័ន្ធយោធា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែង នូវបទពិសោធន៍ ក្នុងកិច្ចដឹកនាំ អភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្ត។ ក្រុមគណៈប្រតិភូ ក៏បានបន្តទៅទស្សនកិច្ចនៅទីបញ្ជាការយោធភូមិភាគទី៤ ផងដែរ៕