(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ចាន់ គឹមជា ឣាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ មួយ បូរិន ឣាយុ២៤ឆ្នាំ មកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺ ស្ដីពីយករថយន្ត១គ្រឿងម៉ាក FORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG1667 មកដាក់បញ្ចាំនៅហាងរបស់ខ្លួនដែលមានឈ្មោះ ឣេស ឣុិន ប៊ី (SNB) នូវទឹកប្រាក់ចំនួន២០,០០០ដុល្លារ។
ជនរងគ្រោះបានអះអាងថា ឈ្មោះ មួយ បូរិន បានប្រាប់ថា រថយន្តនោះជារបស់ខ្លួនផ្ទាល់ទិញមកពីខេត្តឧត្តរមានជ័យ ហើយមានភ្ជាប់មកជាមួយនូវឯកសារដូចជា បណ្ណសំគាល់រថយន្តម្ចាស់ដើម លិខិតទិញ-លក់រថយន្ត និងឯកសារមួយចំនួនទៀត ដោយហាងបញ្ចាំរបស់ខ្លួនយកការប្រាក់១.៧% ហើយបានយល់ព្រមទទួលបញ្ចាំ និងប្រគល់ប្រាក់ទៅឲ្យឈ្មោះ មួយ បូរិន ចំនួន២០,០០០ដុល្លារ។ ក្រោយមកក្រុមការងារហាងបញ្ចាំ បានត្រួតពិនិត្យលើឯកសាររថយន្ត ទើបដឹងថា ឯកសារក្លែងក្លាយ ហើយក្រុមការងារហាងបញ្ចាំរបស់ខ្លួនហៅឈ្មោះ មួយ បូរិន មកដោះស្រាយរឿងយកឯកសារក្លែងក្លាយមកដាក់បញ្ចាំ នៅមូលដ្ឋានកងរាជឣាវុធហត្ថក្រុងតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បើតាមការរៀបរាប់របស់ឈ្មោះ មួយ បូរិន បានរៀបរាប់ថា រូបខ្លួនមានមុខរបរ លក់-ទិញម៉ូតូ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានមានជ័យ ហើយរូបខ្លួនតែងតែឡើងទៅក្រុងប៉ោយប៉ែត ដើម្បីលេងល្បែងក្នុងកាស៊ីណូសែនផាលិស ពេលកំពុងលេងស្រាប់តែមានមនុស្សប្រុសចំនួន៣នាក់ ពុំដែលស្គាល់ជិះរថយន្តចំនួន២គ្រឿង រថយន្តម៉ាកនីសាន់ ពណ៌ស មិនចាំផ្លាកលេខ និងរថយន្តម៉ាក FORT TERRITORY ពណ៌ខ្មៅ បានប្រើឲ្យរូបខ្លួនឈរឈ្មោះយករថយន្តម៉ាក FORT TERRITORY ទៅដាក់បញ្ចាំដោយឲ្យថ្លៃឈ្នួលចំនួន៦០០ដុល្លារ។
ក្រោយមករូបគេយល់ព្រម ដោយបានធ្វើឯកសារលក់-ទិញរថយន្តទាំងយប់ ដោយដាក់ឈ្មោះខ្លួនជាឣ្នកទិញ ពីម្ចាស់ដើមឈ្មោះ ជា ចាន់ហេង។ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្លួនបានយករថយន្ដម៉ាក FORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG1667 ទៅដាក់បញ្ចាំនៅហាងបញ្ចាំឈ្មោះ SNB យកប្រាក់ចំនួន២០,០០០ដុល្លារ ហើយខាងបុគ្គលិកបញ្ចាំទាមទារយកឯកសាររថយន្តទៅពិនិត្យ។
បន្ទាប់ពីពិនិត្យឯកសាររួច ខាងហាងបញ្ចាំយល់ព្រម ហើយបានប្រគល់ប្រាក់ចំនួន២០,០០០ដុល្លារ ដោយបាញ់ប្រាក់ចូលក្នុងកុងធនាគារ ABA របស់ខ្លួនដែលមានឈ្មោះ MOUY BORIN លេខកូដ 002644430 បន្ទាប់ពីបានប្រាក់ រូបខ្លួនបានទៅជួបមនុស្សប្រុសទាំង៣នាក់នោះវិញ ហើយពួកគាត់បាននាំខ្លួនទៅដកប្រាក់នៅធនាគារ ABA ហើយបានប្រគល់ប្រាក់ឈ្នូលឲ្យខ្លួនចំនួន៦០០ដុល្លារ។
ក្រោយពីដាក់បញ្ចាំបានរយ:ពេល១៥ថ្ងៃ រូបខ្លួនបានទំនាក់ទំនងទៅហាងបញ្ចាំស្នើសុំប្រាក់បន្ថែមចំនួន២,០០០ដុល្លារទៀត ពេលនោះបុគ្គលិកហាងបញ្ចាំប្រាប់ថា ស្នើបានតែចាំជួបមេសិន រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកហាងបញ្ចាំទំនាក់ទំនងមកឲ្យខ្លួនទៅបង់ការប្រាក់ តែខ្លួនសុំពន្យាពេល។ ក្រោយមកបុគ្គលិកហាងបញ្ចាំបានហៅខ្លួន ទៅយកប្រាក់ដែលខ្លួនបានស្នើបន្ថែមចំនួន២,០០០ដុល្លារ។ ពេលខ្លួនទៅដល់ហាងបញ្ចាំ ម្ចាស់ហាងបានប្រាប់ឲ្យខ្លួនយកប្រាក់មកលោះយករថយន្តទៅវិញ ព្រោះបុគ្គលិកពិនិត្យលើឯកសារឃើញថា មិនប្រក្រតី តែរូបខ្លួនប្រាប់ថា គ្មានលទ្ធភាពទេ ទើបម្ចាស់ហាងបញ្ចាំនាំខ្លួនមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយបានស្ដាប់ការរៀបរាប់របស់ឈ្មោះ មួយ បូរិន ទើបលោកសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូននមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ចំណែករថយន្តកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងធ្វើកំណត់ហេតុ ផ្ញើនៅហាងបញ្ចាំដើម្បីរក្សាទុកបណ្ដោះឣាសន្ន។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងារជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបទល្មើស បានអះអាងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕