(ស្វាយរៀង)៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង រួមជាមួយសមាជិក សមាជិកា ក្រុមប្រតិបត្តិសាខានៅរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២៤ បានបន្តផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនមន្ត្រី បុគ្គលិក មន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុប៧៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្វាយរៀង និងបានចាត់ក្រុមការងារពីទីស្នាក់ការកណ្តាលចុះបណ្តុះបណ្តាលបច្ចេកទេស និងគាំទ្រថវិកាដល់សាខា និងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន អាជីវករ ដែលជួយឧបត្ថម្ភគាំទ្រសម្ភារ ថវិកា នាពេលកន្លងមក និងសង្ឃឹមយ៉ាងមុតមាំថានឹងនៅតែឧបត្ថម្ភគាំទ្រសាខាបន្តទៀត។
លោកអគ្គលេខាធិការរងទី២ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងបានបង្ហាញនូវគោលបំណងនៃការផ្សព្វផ្សាយរួមមាន៖
*ទី១៖ ដើម្បីផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ
*ទី២៖ បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា
*ទី៣៖ បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។
លោកបញ្ជាក់ថា «ដើម្បីឱ្យសហគមន៍មានសុខភាពល្អ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទម្លាប់រស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសរួមគ្នាកាត់បន្ថយជំងឺមិនឆ្លងតាមរយៈការកាត់បន្ថយការញាំគ្រឿងស្រវឹង ការមិនពិសារបារី រក្សារបបអាហារឱ្យបានត្រឹមត្រូវ ព្រោះថាការចំណាយក្នុងការព្យាបាលជំងឺមិនឆ្លងប្រមាណ១៥០០លានដុល្លារ ក្នុងមួយឆ្នាំ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។ បន្ថែមលើនេះការផ្សព្វផ្សាយអំពីការកាត់បន្ថយការឆ្លងជំងឺអេដស៍ និងកាមរោគពីម្តាយទៅកូន ដោយស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ធ្វើយ៉ាងណាកាត់បន្ថយការឆ្លងថ្មី និងស្លាប់នៅត្រឹមឆ្នាំ២០២៥»។
ទន្ទឹមនឹងនេះ លោកបានលើកឡើងពីការប្រែប្រួលអាកាសធាតុ, ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ដែលបណ្តាលឱ្យមានបញ្ហាសុខភាព, វិបត្តិផ្លូវចិត្ត, ជីវភាពរស់នៅ, ចំណាកស្រុកជាដើម។ ដូចនេះដើម្បីចូលរួមកាត់បន្ថយ បន្សាំ និងមានភាពធន់នឹងអាកាសធាតុ ត្រូវកាត់បន្ថយការប្រើប្រាស់អគ្គិសនី, ប្រើមធ្យោបាយសាធារណៈ, សន្សំសំចៃទឹក, ដាំដើមឈើ, ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ, កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងមិនត្រូវដុតសំរាមដែលជាតិប្លាស្ទិកជាដើម។
បន្ថែមលើសពីនេះ អគ្គលេខាធិការរងទី២ ជម្រាបជូនថានេះជាខេត្តទីពីរហើយដែលក្រុមការងារបានចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ហើយចំពោះខេត្តគោលដៅដែលមិនទាន់ផ្សព្វផ្សាយក្រុមការងារនិងបន្តចុះទៅតាមកាលបរិច្ឆេទ និងសូមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីក្រុមប្រតិបត្តិសាខា-អនុសាខា សប្បុរសជននានា ឧបត្ថម្ភធនធាន សម្ភារៈ ថវិកា កន្លងមក និងសូមអំពាវនាវបន្តចូលរួមគាំទ្រជួយដល់បុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕