(ភ្នំពេញ)៖ លោក ង្វៀន ហ៊ុយ តាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំកម្ពុជា និងស្ថាប័នចំណុះ បានអបអរសាទរចំពោះការបង្កើត សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម និងមានជំនឿចិត្តថា សមាគមនឹងបន្តរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
ការលើកឡើងបែបនេះរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសលោកបានអនុញ្ញាតឱ្យលោក អ៊ុច លាង ប្រធានគណៈកម្មការប្រតិបត្តិសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានថ្លែងថា ជាច្រើនឆ្នាំកន្លងមកហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការអភិវឌ្ឍ និងរីកលូតលាស់លើគ្រប់វិស័យទាំងលើទិដ្ឋភាពនយោបាយសន្តិសុខ សេដ្ឋកិច្ច និងការពារជាតិ។
លោក ង្វៀន ហ៊ុយ តាំង ក៏បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយឱ្យសមាគមអតីតនិសិ្សត អាចដំណើរការបានដោយរលូន និងប្រកបដោយភាពជោគជ័យ ដូចជា៖
*សមាគមគួរធ្វើការសហការជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់ស្ថានទូត ដើម្បីយល់ដឹងអំពីអាហាររូបករណ៍របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជូនព្រះរាជាណាចក្រកម្ពុជា (ដោយផ្តល់អាទិភាពដល់កូនចៅរបស់អតីតនិស្សិត)
*សមាគមគួរធ្វើការសហការជាមួយសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ប្រចាំកម្ពុជា ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយសមាគមអតីតនិស្សិត មានធនធានមនុស្ស។ ចំណែកសមាគមសហព័ន្ធធុរកិច្ចនឹងទទួលយកធនធានមនុស្សទាំងនោះ
*សមាគមគួរតែចូលរួមសហការរៀបចំកម្មវិធីបុណ្យជាតិធំៗរបស់ប្រទេសទាំងពីរ, បង្កើតកម្មវិធីដែលមានអត្ថន័យនានា ក៏ដូចជារៀបចំការប្រលងប្រណាំងអំពីការសរសេរអត្ថបទដែលមានខ្លឹមសារពាក់ព័ន្ធនឹងទំនាក់ទំនងល្អៗរវាងប្រទេសទាំងពីរ; រៀបចំដំណើរទស្សនកិច្ចជូនដល់សមាជិកសមាគមទៅទស្សនកិច្ចកន្លែងដែលធ្លាប់សិក្សារៀនសូត្រនៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕