(ភ្នំពេញ)៖ ក្រុមអ្នកជំនាញបានរួមគ្នាធ្វើសិក្ខាសាលាស្តីពីបច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍ ក្រោមប្រធានបទ អនាគតប្រកបដោយចីរភាពរបស់កម្ពុជា៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ។
សិក្ខាសាលានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិត មូយ៉ុងហាន់ ប្រធានវិទ្យាស្ថានសំណង់ និងវិស្វកម្ម បរិស្ថាន នៃសាកលវិទ្យាល័យជាតិសេអ៊ូល សាធារណរដ្ឋកូរ៉េ, លោកសាស្រ្តាចារ្យបណ្ឌិត ដោក ដូម៉ា អគ្គរងនៃអគ្គនាយកដ្ឋាន លំនៅឋាននៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, លោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកសាស្រ្តាបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធ ប្រធានអង្គការវើលហ្វីស ប្រចាំនៅកម្ពុជា។
នាឱកាសនោះដែរ លោកបណ្ឌិត នុត សម្បត្តិ បានថ្លែងថា បច្ចេកទេស និងបទពិសោធន៍ ដែលបង្ហាញដោយវាគ្មិនដ៏ជំនាញៗ រួមនឹងការសិក្សាលើប្រធានបទនីមួយៗនឹងផ្តល់នូវចំណេះដឹងថ្មីៗដល់អង្គសិក្ខាសាលាទាំងមូល។ ទន្ទឹមនឹងនេះខ្លឹមសារនៃបទអន្តរាគមន៍ និងអនុសាសន៏នៃសិក្ខាសាលានេះ គប្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីជាវិភាគទានយ៉ាងសំខាន់ចំពោះការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារដល់ស្ថាប័ណផ្សេងៗ។
បើតាមលោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ខណៈដែលពិភពលោកកំពុងជួបនឹងវិបត្តិសកលជាច្រើនបន្តគ្នាទាំងសង្គ្រាមទាំងវិបត្តិសេដ្ឋកិច្ច រួមទាំងបញ្ហាឡើងកម្ដៅផែនដី តម្រូវឱ្យអ្នកវិទ្យាសាស្ត្ររួមនឹងអ្នកនយោបាយ ការទូត ធ្វើការយ៉ាងសកម្មបន្ថែមទៀតបន្តរកដំណោះស្រាយសមស្របនានា ដើម្បីវឌ្ឍនភាព និងការរក្សាសណ្តាប់ធ្នាប់ពិភពលោក។
លោកបណ្ឌិត យង់ ពៅ បានថ្លែងយ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ បញ្ហាទឹក ជីវភាពរស់នៅ និងអាកាសធាតុនៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុត ព្រោះកក្តាទាំងបីនេះបាននឹងកំពុងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ ការអភិវឌ្ឍជាតិផងដែរ។
លោកបណ្ឌិត បានបន្ថែមថា បញ្ហាកសិកម្ម បញ្ហាបរិស្ថាន គុណភាពទឹក គុណភាពខ្យល់ សំណល់រឹងរាវ និងសំណល់គ្រោះថ្នាក់ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស។ ប្រការនេះទាមទារឱ្យមានការស្រាវជ្រាវឥតឈប់ឈរ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងបញ្ហាបរិស្ថានឱ្យបានល្អ ដើម្បីធានានូវបរិយាកាសមួយដែលមានសុវត្ថិភាព និងអនាម័យដល់ជីវិតមនុស្សសត្វ ដែលរស់នៅលើផែនដីនេះ។
យោងតាមលទ្ធផលនៃការសិក្សារបស់វាគ្មិនទី១ សាស្រ្តាចារ្យបណ្ឌិត ដោក ដូម៉ា បានធ្វើបទបង្ហាញក្រោមប្រធានបទ «ការវិភាគសុវត្ថិភាព ជីវភាពរស់នៅក្នុងអាងទន្លេ ឆ្លង ដែន៖ ក្របខណ្ឌ ការចិញ្ចឹមជីវិតនៅតាមដងទន្លេសាប» បានបង្ហាញថា ការធ្លាក់ឬថយចុះនៃទឹកហូរត្រឡប់ចូលទន្លេនៅផ្នែកខាងក្រោម មានបរិមាណលំហូរបញ្ច្រាស រវាងឆ្នាំ២០១៩ និង២០២១ បានកាត់បន្ថយបរិមាណទឹកជំនន់ និងតំបន់លិចទឹកនៅជុំវិញបឹង។ វាបានបង្កើនការព្រួយបារម្ភអំពីផលិតភាពជលផល និងជីវភាពរបស់ប្រជាជនដែលរស់នៅពឹងផ្អែកលើធនធានបឹង។
អនាគតរបស់បឹងទន្លេសាប គឺមានភាពមិនច្បាស់លាស់ និងស្ថិតនៅក្រោមការគំរាមកំហែង។ និន្នាការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ននៅតាមតំបន់នៃទន្លេមេគង្គនិងទន្លេសាប បានប៉ះពាល់ដល់ចរន្ត លំហូរបញ្ច្រាស និងប៉ះពាល់ដល់មុខងាររបស់ទន្លេសាបក៏ដូចគ្នាផងដែរ។ ការសាងសង់វារីអគ្គិសនី នៅទន្លេមេគង្គ លើក៏មានផលប៉ះពាល់ដល់លំហូរនៃទន្លេមេគង្គ និងការបំពេញទឹកបឹងទន្លេសាប។ វាមានបង្កផលប៉ះពាល់ដល់បម្រែបម្រួលរយៈពេលខ្លី និងវែងដល់ជីវភាពរស់នៅរបស់សហគមន៍ ដែលប្រើប្រាស់ទឹកមានឥទ្ធិពលខ្លាំងដោយរបបទឹក ហូរទៅកាន់ទីទាប និងដី កសិកម្មមានការគាំទ្រប្រកបដោយ ស្ថិរភាពដោយសារទឹកមាននិរន្តរភាព។
រីឯវាគ្មិនទី២ សាស្រ្តាចារ្យ ម៉ាក់ សិទ្ធិរិទ្ធ ក៏បានបង្ហាញថា បរិមាណទឹកនៅបឹងទន្លេសាបកាន់តែថយចុះ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៣ប្រមាណ៥០% បើប្រៀបធៀបក្នុងឆ្នាំ១៩៩៩ និងឆ្នាំ២០១៩ ដែលមានបរិមាណ៤៦.៨Km3 នៅរដូវវស្សា និង ៤.០៣Km3 នៅរដូវប្រាំង។ ការថយចុះនេះ បានជះឥទ្ធិពលដល់ទិន្នផលត្រីបានថយចុះ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២០។ វាមានភាពជាវិជ្ជមានផងដែរនូវផលិតផលស្រូវមានការកើនឡើង។
ដោយឡែកវាគ្មិន ចុងក្រោយគឺសាស្រ្តាចារ្យ មូយ៉ុង ហាន់ ប្រធានបទស្តីពីរបៀប ធ្វើយ៉ាងណាឱ្យទីក្រុងស្អាត ឆ្លាត និងធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងទឹកភ្លៀង ដែលលោកបាននឹងកំពុងអនុវត្តគម្រោងទឹកភ្លៀងនៅតាមសាលារៀន នៃបណ្តាប្រទេសនានា ដូចជា នៅវៀតណាម ថៃឡង់ដ៍ ឡាវ និងកម្ពុជា ជាក់ស្តែងលោកសាស្រ្តាចារ្យបានអនុវត្ត នៅវិទ្យាល័យកំបូល រាជធានីភ្នំពេញក្នុងឆ្នាំ២០២៣៕