(ក្រចេះ)៖ ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួម ពីមន្ទីរកិច្ចការនារីចំនួន០៩ គឺ ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង សរុបចំនួន៤២នាក់ នៅខេត្តក្រចេះ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តទន្លេឥសាន្តមួយនេះ។
លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការ បានប្រាប់ឲ្យដឹងពីគោលបំណងវគ្គពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារី ឲ្យទទួលបានចំណេះដឹងអំពីទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃគ្រឿងញៀន ក៏ដូចជាតួនាទីដ៏សំខាន់ របស់ស្ត្រីជាម្តាយ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារ និងសហគមន៍រួមទាំងពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំពិសេស នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួងមន្ទីរទាំង៩ខេត្ត និងអ្នកពាក់ព័ន្ធក្របខណ្ឌកិច្ចការនារីទាំងអស់ ពិសេសក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ និងយល់ច្បាស់ពីតួនាទីរបស់ស្រ្តីក្នុងភាពជាជីដូន មាតា បងស្រី ដែលអាចចូលរួមបង្ការទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារក៏ដូចជាសហគមន៍ និងបន្តយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល «សម្អាតចកពីបឹង»។
ថ្លែងក្នុងនាម លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះដែរ លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងពីភាពចាំបាច់នៃការចូលរួម របស់នារីក្នុងភាពជាម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រោះនារីមានឥទ្ធិពល ជិតស្និទ នៅជាប់ជាមួយក្រុមគ្រួសាររាល់សំដីរាល់សំដីផ្តល់ការទូន្មានរបស់នារីគឺមានប្រសិទ្ធភាព សូមចូលរួមទាំងអស់គ្នា ទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍ ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឲ្យសង្គមយើង សហគមន៍យើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន ។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានប្រាប់ឲ្យដឹងថា សិក្ខាកាមទាំងអស់ពិតជាទទួលបានចំណេះដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន តួនាទីរបស់មាតាបិតា ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមរយៈលទ្ធផលតេស្តមុន និងក្រោយការបណ្តុះបណ្តាល៕