(ក្រចេះ)៖ បុរសជាជនជាតិព្នងវ័យ៤៧ឆ្នាំម្នាក់ មានសតិមិនប្រក្រតី ខឹងប្រពន្ធបម្រុងនាំទៅមើលគ្រូខ្មែរ និងស្រោចទឹកចេញក៏បានធ្វើសកម្មភាពយកសាំងចាក់ស្រោចទៅលើប្រពន្ធរបស់ខ្លួន ហើយដុតឆេះរោលពេញខ្លួន នៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បុរសខាងកំពុងតែសម្រាកនៅលើផ្ទះជាមួយប្រពន្ធរបស់ខ្លួន ខណៈនោះស្ត្រីជាប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយជាមួយប្ដីថា «ខ្ញុំចង់នាំឯងទៅរកគ្រូខ្មែរបុរាណ មើលស្រោចទឹក និងដាក់ខ្សែចង្កេះដើម្បីឲ្យជានាដូចគេ កុំឲ្យមានជម្ងឺដូចសព្វថ្ងៃនេះតទៅទៀត»។ ភ្លាមនោះឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅណាឡើយហើយនិយាយថា «អញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ» ប្រកែកពាក្យសម្ដីគ្នាហើយអ្នកទាំងពីរនាំគ្នាឡើងទៅសម្រាកនៅលើផ្ទះធម្មតាវិញ។
លុះដល់វេលាម៉ោង ២៖០០នាទីឆ្លងចូលថ្ងៃទី១៣ ខែមីនា ខណៈជនរងគ្រោះជាប្រពន្ធកំពុងដេកលក់នៅលើផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះ ឆេះ ផល បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធរបស់ខ្លួន ហើយកេះដែកកេះដុតបណ្ដាលឲ្យឆេះរលាកពេញខ្លួនត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោយកើតហេតុជនសង្ស័យឈ្មោះ ឆេះ ផល បានរត់គេចខ្លួន។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ក៏បានចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យឈ្មោះ ឆេះ ផល បាននៅព្រឹកថ្ងៃទី១៤ ខែមីនានេះ។ នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យខាងលើនេះឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធី៕