(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកយុវជន គឺជាតួអង្គស្នូលក្នុងការរក្សាការពាររាល់សមិទ្ធផលជាតិ ដែលកសាងដោយលំបាករបស់ថ្នាក់ដឹកនាំជាតិជាន់មុន។ មិនត្រឹមតែរក្សាសមិទ្ធផលចាស់ប៉ុណ្ណោះទេ យុវជន ក៏ជាតួអង្គស្នូលក្នុងការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិមាតុភូមិផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះក្នុងពេលអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។
សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជនបម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ។
នៅចំពោះមុខថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសុទ្ធសឹងជាមន្ត្រីរាជការជួរថ្នាក់ដឹកនាំជាតិដែរនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេសរហូតមកដល់ពេលបច្ចុប្បន្ន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដែរថា យុវជនបាន និងកំពុងដើរតួនាទីស្នូល និងចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំ សម្រាប់ជំនាន់ក្រោយទៀត។
«សហភាពសហព័ន្ធយុវជនកម្ពុជា មានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និងបត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ»។ នេះជាការក្រើនរំលឹករបស់សម្តេចធិបតី ទៅកាន់សហភាពសហព័ន្ធយុវជនកម្ពុជា។
សម្តេចធិបតីប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានណែនាំដល់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបន្តស្មារតី ឆន្ទៈ និងសកម្មភាព ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថរបស់យុវជននៅគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី១ ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាព ក្នុងការដឹកនាំ សំដៅឈានឆ្ពោះទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។
សម្តេចមហាបវរធិបតី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប ចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលបានចូលរួមអនុវត្តបានយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ «ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ ២០២៣-២០២៨»។
សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកសកម្មភាពនេះ ពិតជាបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីឯកភាពគ្នាដ៏រឹងមាំ ប្រកបដោយភាតរភាព រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបន្តជ្រោងខ្ពស់ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕