(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់យ៉ាងច្បាស់ថា «កងទ័ពត្រូវប្រកាន់គោលជំហរច្បាស់លាស់ និងស្មោះត្រង់ចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រទេសជាតិ ហើយត្រូវពង្រឹងសមត្ថភាព និងឆន្ទៈខ្ពស់ដើម្បីក្លាយជាកងទ័ពជាតិ ដើម្បីការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល សុខសន្តិភាព ស្ថេរភាពដើម្បីប្រទេសជាតិ និងប្រជាជន»។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីបិទ វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើងវរៈសេនាតូចលេខ១៤២ និងបំពាក់ឋានន្តរស័ក្ត នៃពលតូចថ្មើរជើងលេខ១៤។
លោក ហ៊ុន ម៉ាណែត បន្ថែមថា កងទ័ពត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងត្រូវស្មោះត្រង់ តស៊ូ ប្តូរផ្តាច់ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ហើយលោក សង្ឃឹមយ៉ាងមុតមាំថាការហ្វឹកហ្វឺននៅថ្ងៃនេះ នឹងបង្កើនជំនាញ និងសមត្ថភាពរបស់កងទ័ព និងជាឱកាសនៃការផ្ទេរចំណេះដឹង ពីនាយទាហានជំនាន់មុន ដល់នាយទាហានជំនាន់ក្រោយៗទៀត។
លោកបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននឹងកំពុងខិតខំ គិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងការលើកតម្កើនកិត្តិយសរបស់កងទ័ព តាមរយៈការផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគនៅខែក្តៅ ខែរងារជាប់ជាប្រចាំ ការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ព្រមទាំងគិតគូរពីអតីតភាពការងារ តាមរយៈការតម្លើងឋានន្តរស័ក្ត ចំពោះយោធិនដែលមានវ័យចំណាស់ផងដែរ។
ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរ មេបញ្ជាការកងពលលេខ១៤ យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ដែលបានខិតខំហ្វឹកហ្វឺន និងយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិនិងការពារជាតិ ការពារសុខសន្តិភាព និងបម្រើប្រជាជន ព្រោះការចូលរួមរបស់កងទ័ព គឺជាការចាំបាច់ណាស់ក្នុងការរក្សាស្ថេរភាព សន្តិសុខសង្គម និងចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ លោក បានសម្ដែងនូវការដឹងគុណ និងគោរពថ្លែងអំណរគុណចំពោះលោកពូ អ្នកមីង លោកអ៊ុ អតីតយុទ្ធជនដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបំពេញភារកិច្ច ជូនជាតិមាតុភូមិ។
លោកបន្ដថា «យើងបានមកដល់ម៉ោងនេះ យើងមានសុខសន្តិភាព ស្ថេរភាពសង្គមមកដល់ថ្ងៃនេះ គឺបានដោយសារការរួមចំណែករបស់ លោកពូ អ្នកមីង លោកអុំ អតីតយុទ្ធជន ក៏ដូចជាយោធិនជាច្រើន ដែលបានធ្វើពលីកម្មដើម្បីជាតរបស់យើង ថ្ងៃនេះយើងអញ្ជើញអតីយុទ្ធជនមកចូលរួមកម្មវិធី គឺការប្រពៃណីដែលបានផ្សាភ្ជាប់រវាងកងទ័ពជំនាន់មុន និងកងទ័ពជំនាន់ក្រោយៗ»។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានប្រគល់ថវិកា គ្រឿងឧបភោគ បរិភោគ ជូនដល់កងពលលេខ១៤ និង អតីតយុទ្ធជនផងដែរ។
លើសពីនេះ លោក បានបញ្ជូនលោកពូ អ្នកមីង លោកអ៊ុ ជាអតីតយុទ្ធជន0៣នាក់ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមកព្យាបាលបន្ត នៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុង (ការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក) ប្រកបដោយទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន៕