(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន៤ក្នុងទឹកប្រាក់ប្រមាណ ៧៩លានអឺរ៉ូ (ប្រមាណ៨៦លានដុល្លារ) ដល់កម្ពុជា ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផល នៃជំនួបរវាងប្រមុខការទូតកម្ពុជា និងស្នងការសហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្ពុជា និងសហភាពអឺរ៉ុបនេះ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ រយៈពេល២ថ្ងៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនានេះ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកស្រី អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមសហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកស្រីបានជម្រាបជូនអំពីការត្រៀមខ្លួនផ្តល់ការគាំទ្រចាំបាច់សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ច លោកស្រី អេភើលឡៃនិន និង លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យផងដែរ៕