(ភ្នំពេញ)៖ លោកស្រី ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់អំពីគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។
ការបញ្ជាក់ជំហររបស់សហភាពអឺរ៉ុប បានធ្វើឡើងនៅក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខណៈដែលលោកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកស្រី អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។
លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមសហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកស្រីបានជម្រាបជូនអំពីការត្រៀមខ្លួនផ្តល់ការគាំទ្រចាំបាច់សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការចូលរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់សហភាពអឺរ៉ុប ក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅកម្ពុជា។ លោកបានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ដែលត្រូវបានកសាងឡើងដោយផ្អែកលើភាពជាដៃគូដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមកក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ប្រមុខការទូតកម្ពុជា បានអបអរសាទរ សហភាពអឺរ៉ុបដែលបានរៀបចំ ដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។
លោកឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់អឺរ៉ុបសម្រាប់ឆ្នាំ២០២១-២០២៧ កម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (TEIs) ដែលជាការរួមចំណែកជាវិជ្ជមានមួយទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា និងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកជំទាវស្នងការ អំពីការវាយតម្លៃពីស្ថានភាពកម្ពុជាសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលត្រូវបានរំពឹងថា អាចនៅឆ្នាំ២០២៩។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជាក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប សមាហរណកម្មអាស៊ាន បញ្ហាតំបន់ និងពិភពលោក។
គួរឱ្យកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី អេភើលឡៃនិន ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៤ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណ ៧៩ លានអឺរ៉ូ ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ លោកជំទាវ អេភើលឡៃនិន និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យ៕