(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការបរទេស លោកនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Jutta Urpilainen នៅកម្ពុជា ពីថ្ងៃទី១២ ដល់ ១៣ ខែមីនា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី Jutta Urpilainen បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើ ស្ទើរគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្ដែងការអបអរសាទរចំពោះសហភាពអឺរ៉ុប ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ ពីថ្ងៃទី១ ដល់២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី Jutta Urpilainen បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សា ទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ៕