(ព្រះវិហារ)៖ ស្ពានបេតុងថ្មីមួយកន្លែង ដែលកើតឡើងដោយកម្លាំងមហាសាមគ្គី រវាងព្រះសង្ឃ និងប្រជាពលរដ្ឋ នៅចំណុចកក់កន្ថង ក្នុងភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ គ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលដ៏ខ្លីខាងមុខនេះ។

ព្រះតេជគុណ គឹម រស្មី គង់នៅវត្តខ្នងគោល ស្ថិតនៅភូមិ ឃុំ ខាងលើ ដែលជាស្ថាបនិកកសាងស្ពានបេតុងនេះ បានមានសង្ឃដិកាឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា ស្ពានបេតុងនេះ ចាប់សាងសង់នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់មុនបំណាច់ខែមីនា ឆ្នាំ២០២៤នេះ ហើយគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលដ៏ខ្លីខាងមុខនេះ។

ព្រះតេជគុណ គឹម រស្មី មានសង្ជដីការបញ្ជាក់ទៀតថា ស្ពានបេតុងថ្មីនេះមានទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង២១ម៉ែត្រទាំងក្បាលស្ពាន ស្ពាននេះកសាងឡើងជំនួសឲ្យស្ពានឈើចាស់ ឆ្លងអូរដែលមានសភាពទ្រុឌទ្រោម ដែលរដូវវស្សាធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលផ្សេងៗ។

ព្រះតេជគុណ គឹម រស្មី បានមានសង្ឃដិកាបង្ហាញពីការលំបាកចាប់តាំងពីការកសាងស្ពានដំបូង រហូតមកដល់ថ្ងៃបញ្ចប់ការសាងសង់ស្ពាន។ ប៉ុន្តែទោះជាយ៉ាងណាព្រះអង្គ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបច្ច័យកសាងស្ពាននេះ រហូតរួចរាល់ជាស្ថាពរ ដោយចំណាយថវិកាសរុបចំនួន៥៥,០០០ដុល្លារ ប៉ុន្តែមកដល់ពេលនេះ ព្រះអង្គនៅខ្វះថវិកាចំនួន៨លានរៀលទៀត ដើម្បីទូទាំងថ្លៃសម្ភារសំណង់។

ព្រះអង្គសង្ឃឹមថា នៅថ្ងៃសម្ពោធខាងមុខនេះ ពុទ្ធបរិស័ទជិតឆ្ងាយនឹងចូលរួមបច្ច័យបន្ថែម ដើម្បីព្រះអង្គយកទូទាត់ថ្លៃសំណង់បង្ហើយ៕