(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបទអន្តរាគមន៍ពីសំណាក់សមាជិក សមាជិកា រួចមកគណៈកម្មាធិការស.ស.យ.ក. បានរៀបចំបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម សមាជិក សមាជិក គណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ដើម្បីឆ្លើយតបទៅនឹងការរីកលូតលាស់ និងការវិវត្តឆ្ពោះទៅមុខរបស់ស.ស.យ.ក.។

ការបោះឆ្នោតទាំងបីខាងលើ ត្រូវបានបែងចែកជា២ ដំណាក់កាល។ ដំណាក់កាលទី១ គឺជាការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. ចំនួន ១១៣ រូប ដោយឡែកដំណាក់ទី២ គឺជាការបោះឆ្នោតជ្រើសតាំងអនុប្រធាន១រូប និងសមាជិកគណៈអចិន្ត្រៃ។

ក្នុងនោះលោក កើត រិទ្ធ សមាជិកគណៈអចិន្រ្តៃយ៍ ត្រូវបានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សុូមជម្រាបថា ដំណើរការ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ថ្ងៃទី០១ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានបញ្ចប់ទៅដោយរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា។

តាមរយៈកិច្ចប្រជុំនាឱកាសនេះ អង្គប្រជុំបានធ្វើការរាយការណ៍អំពីរបាយការណ៍សង្ខេប នៃសកម្មភាព ស.ស.យ.ក. ដែលសម្រេចបាននារយៈកាលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ រួមទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ៕