(ភ្នំពេញ)៖ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួង បានលើកឡើងថា ប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ដោយបានរៀបចំចងក្រង អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងទ្វេភាគី និងបានបង្កើតយន្តការនានា សំដៅប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសទ្វេភាគី កម្ពុជា-វៀតណាម ស្តីពី ការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម ស្តីពីនីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

បើតាមលោក ញឹក វណ្ណារ៉ា, ជាការពិតណាស់ នីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស បានចុះកិច្ចព្រមព្រៀង និងអនុវត្តតាំងពី ឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៥ឆ្នាំហើយ ដែលតម្រូវឲ្យភាគីនៃប្រទេសទាំងពីរ ធ្វើការពិនិត្យចារណាឡើងវិញ នូវនីតិវិធីប្រតិបត្តិបទដ្ឋាននេះ ដើម្បីសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គមនិងបរិបទបច្ចុប្បន្ននៃប្រទេសទាំងពីរពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស និងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោក ញឹក វណ្ណារ៉ា បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបញ្ហាសកលមួយ ដែលតែងតែកើតឡើងនៅតាមបណ្តាប្រទេសទូទាំងពិភពលោក ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន នៃបណ្តាប្រទេសនានាដែរ គឺតែងតែទទួលរងគ្រោះ ដោយអំពើជួញដូរ មនុស្សនូវការកេងប្រវ័ញ្ចនៅក្នុងវិស័យមួយចំនួន ដូចជា៖ វិស័យកំសាន្ត ល្បែងឆបោក និងការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ការងារដោយបង្ខំ ការងារបម្រើតាមផ្ទះ ការកេងប្រវ័ញ្ចតាមរូបភាព អាពាហ៍ពិពាហ៍នៅក្រៅប្រទេស និងការធ្វើអាជីវកម្មលើមនុស្ស ដែលអំពើទាំងនោះភាគច្រើនជាបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង
និងធ្វើឲ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពប្រជាជនទាំងថ្នាក់ជាតិ តំបន់ និងពិភពលោក។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា ឆ្លើយតបនឹងបញ្ហាទាំងនេះ ប្រទេសកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ដោយបានរៀបចំចងក្រង អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងទ្វេភាគី និងបានបង្កើតយន្តការនានា សំដៅប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការពារនិងផ្តល់សេវាសមស្របជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ និង ចូលរួមកាត់បន្ថយឲ្យបានជាអតិបរិមា នូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងពិភពលោក។

លើសពីនេះការសម្របសម្រួល ក្នុងកំណត់អត្តសញ្ញាណការផ្តល់សេវាឆ្លើយតបទៅនឹងតម្រូវការ ការរៀបចំធ្វើមាតុភូមិនិវត្តន៍ ការគ្រប់គ្រងករណីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស គឺជាកត្តាសំខាន់ ដែលប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់ នៃសន្ធិសញ្ញស្តីពីការលុបបំបាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ត្រូវតែអនុវត្តឲ្យបានពេញលេញ ដោយផ្ដោតលើសិទ្ធិមនុស្សមូលដ្ឋាន និងមិនប្រកាន់និន្នាការ ជាតិសាសន៍នោះឡើយ។ នេះជាការបញ្ជាក់ របស់លោក ញឹក វណ្ណារ៉ា។

សូមបញ្ជាក់ថា កម្មវិធីនេះទទួលបានការឧបត្ថម្ភពីអង្គការ IOM ៕