(ភ្នំពេញ)៖ ជប៉ុន បានប្រកាសធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយការប្រកាសផ្តល់ជំនួយប្រមាណ ១៥០លានដុល្លារអាមេរិក សម្រាប់សាងសង់មន្ទីរពេទ្យតំបន់។
ការប្រកាសនេះធ្វើឡើងតាមរយៈលោក កុមឹរ៉ា ម៉ាសាហ៉ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោក កុមឹរ៉ា ម៉ាសាហ៉ីរ៉ូ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកអនុរដ្ឋមន្ត្រី ក៏បានជម្រាបសម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ។
លោកអនុរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ លោកបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor/សំបូរព្រៃគុក។ លោកអនុរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក កុមឹរ៉ា ម៉ាសាហ៉ីរ៉ូ និងគណៈប្រតិភូ នៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជូនលោកអនុរដ្ឋមន្ត្រីផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បានសម្រេចសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម។ ក្នុងក្របខណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើងកម្រិតនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដូចជាទស្សនកិច្ចកងនាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ព្រមទាំងការធ្វើលំហាត់រួមគ្នាផងដែរ។
ជាងនេះទៅទៀតសម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបានពង្រីកដល់ការអភិរក្សនៅតំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០ឆ្នាំបន្ថែមទៀតផងដែរ។
ក្នុងជំនួបនេះ សម្ដេចធិបតី និងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការគាំពារដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
អ្នកតាមដាននយោបាយ និងបញ្ហាសង្គម បានមើលឃើញថា ការប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជាពិសេសការផ្តល់ជំនួយសម្រាប់កសាងមន្ទីរពេទ្យតំបន់ ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តថ្មីមួយរបស់ជប៉ុន លើការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុន លើការកសាងសង្គមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះជាការបង្ហាញឱ្យដំណើរដ៏ជោគជ័យនៃនយោបាយការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលត្រឹមជាង៦ខែ៕