(រតនគីរី)៖ ក្រុមយុវជនគំរូប្រុសស្រីជនជាតិដើមភាគតិចព្រៅ ដែលជាយុវជនតែងតែធ្វើសកម្មភាពមិត្តអប់រំមិត្ត និងជាសមាជិកក្រុមប្រឹក្សាក្លឹបកុមារ និងយុវជនឃុំតាវែងលេី ស្រុកតាវែង ខេត្តរតនគីរី បានអំពាវនាវឱ្យមិត្តជាយុវជន ដែលស្ថិតក្នុងវ័យសិក្សា សូមកុំបង់ការសិក្សា ទៅជ្រើសយកជំរើសនៃការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង ដែលអាចប្រឈមនឹងផលវិបាកច្រើនរាប់មិនអស់ក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃ ខណៈដែលមានតែការសិក្សាឱ្យបានខ្ពស់នោះទេ ទើបមានឱកាសសំឡឹងបានឆ្ងាយ នឹងធ្វើឱ្យអនាគតល្អប្រសើរឡើង។

ប្អូនប្រុស សារឿង សមាជិកក្រុមប្រឹក្សាក្លឹបកុមារនិងយុវជនឃុំតាវែងលេី ស្រុកតាវែង បានអំពាវនាវដូចនេះថា «ខ្ញុំសូមអំពាវនាវដល់យុវជន និងក្មេងៗកុំទាន់រៀបចំការប្រឡូកនៅក្នុងការរៀបការនៅវ័យក្មេងលឿនពេក ដោយសារនៅពេលដែលយើងរៀបការនៅវ័យក្មេង វាបានធ្វើឱ្យយើងបាត់បង់នូវឱកាសក្នុងការសិក្សា ឱកាសទទួលបានព័ត៌មានផ្សេងៗ ដែលទាក់ទងពីការសិក្សា ហើយចំពោះការរៀបការនៅវ័យក្មេងនេះផងដែរ វាធ្វើឱ្យមានផលប៉ះពាល់ទៅដល់កុមារ គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។

សមាជិកក្រុមប្រឹក្សាក្លឹបកុមារ និងយុវជនឃុំតាវែងលេី និងជាយុវជនគំរូក្នុងស្រុករូបនេះ បានបន្ថែមទៀតថា ចំពោះការរៀបចំការនៅវ័យក្មេងពេកនេះផងដែរ គឺមានបញ្ជាប្រឈមច្រើន ដូចជាប្រឈមនឹងការប្រើប្រាស់អំពើហឹង្សា បញ្ហាលែងលះ មិនទាន់ចេះរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ និងផលប៉ះពាល់ជាច្រើនផ្សេងទៀត ព្រោះតែការមិនមានចំណោះដឹងគ្រប់គ្រាន់ ដោយសារបោះបង់ការសិក្សា។

ប្អូនប្រុស សារឿង បានបន្ថែមថា បញ្ហាទាំងនេះដែរក៏បានធ្វើឱ្យមានផលប៉ពាល់ដល់សង្គមគឺការបាត់បង់ធនធានមនុស្ស ដែលការបាត់បង់ធនធានមនុស្ស គឺបានន័យថានៅពេលដែលការរៀបការនៅវ័យក្មេងពេកជា ពិសេសក្រោមអាយុ១៨ឆ្នាំ ធ្វើឱ្យគាត់ត្រូវបញ្ឈប់ការសិក្សា ដែលបណ្តាលឱ្យចំណេះដឹងនៅមានកម្រិត ហើយការលូតលាស់នៃរាង្គកាយមិនអាចលូតលាស់បានល្អផងដែរ។ យុវជនល្អគួរតែបន្តការសិក្សាយ៉ាងហោចណាស់ឱ្យបានចប់ត្រឹមថ្នាក់ទី១២ ឫលើសនេះដើម្បីមានអនាគត់ល្អ។

ប្អូនស្រី សំណាង ជាជនជាតិជាតិដើមភាគតិចព្រៅនេះដែរ បានឱ្យដឹងដែរថា ចំពោះការសិក្សាឱ្យបានកាន់តែខ្ពស់គឺអាចជួយយើងក៏ដូចជាក្រុមគ្រួសារ ឱ្យបានកាន់តែរីកចម្រើនព្រោះការសិក្សាកាន់តែខ្ពស់ និងអាចជួយឱ្យយើមានចំណោះដឹងកាន់តែច្រើន និងរកការងារល្អមួយ ដើម្បីទទួលបានប្រាក់សមរម្យសម្រាប់ជួយដល់ខ្លួនឯង និងក្រុមគ្រួសារទាំងមូលផងដែរ។
យុរវត្តីរូបនេះបានបន្ថែមថា ក្រោយមានការជួយគាំទ្រពីអង្គការភ្លែនអន្តរជាតិ ដើម្បីក្នុងក្រុមប្រឹក្សាក្លឹបកុមារនិងយុវជនឃុំតាវែងលេី បានជួយរូបគេក៏ដូចជាក្មេងៗក្នុងឃុំឱ្យបានយល់ដឹងខ្ពស់ពីតម្លៃការសិក្សា និងមានបំណងចង់បន្តការសិក្សាឱ្យកាន់តែខ្ពស់ដើម្បីក្លាយជាធនធានមនុស្សមួយរូប ដើម្បីជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិផងដែរ ខណៈពេលដែលមិនទាន់មានក្រុមប្រឹក្សាក្លឹបកុមារនិងយុវជននេះ ក្រុមយុវជន ក៏ដូចជាក្មេងៗជាច្រើនបានបោះបង់ការសិក្សា​ និងប្រឈមនឹងការរៀបការនៅវ័យក្មេងផងដែរ។
បើតាលោក យី គីមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងនាឱកាសដឹកនាំអ្នកសារព័ត៌មានចុះដល់ខេត្តរតនគីរី ទីដែលកំពុងមានបញ្ហាប្រឈមច្រើនទៅបញ្ហាការរៀបការការរៀបការនៅវ័យកុមារ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រោយអង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយក្រសួងកិច្ចការនារី ធ្វើការសិក្សាស្រាវជ្រាវពីស្ថានភាពនៃការរៀបការនៅវ័យកុមារ និងទាក់ទងការមានផ្ទះពោះនៅវ័យជំទង់ ក្នុងឆ្នាំ២០២៣-២០២៤នេះ សម្រាប់ការសិក្សាចំនួន៩ខេត្ត ជាលទ្ធផលខេត្តរតនគិរី នៅមានខ្ពស់ជាងគេបើធៀបនឹងខេត្តផ្សេងៗ មានរហូតដល់ ៣៧% ចំពោះក្មេងស្រីដែលរៀបការនៅអាយុក្រោម ១៨ឆ្នាំ៕