(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅឯខេត្តសៀមរាប ក្រោមការដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ ក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិនិងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាននិងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។

ចំណែកនៅថ្ងៃទី១៥ ខែមីនា សម័យប្រជុំពេញអង្គលើកទី៣០ នឹងដឹកនាំដោយលោក Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ប្រធានបទសំខាន់នៃសម័យប្រជុំពេញអង្គលើកទី៣០ នឹងពិភាក្សាទៅលើសេចក្តីប្រកាសរួមរបស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការរបស់អង្គការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅស្ដីពីរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។

កិច្ចប្រជុំពេញអង្គនេះ ក៏នឹងពិភាក្សា ព្រមទាំងពិនិត្យទៅលើគម្រោងថ្មីៗរបស់កិច្ចការអភិរក្ស ការងារអភិវឌ្ឍ កិច្ចការស្រាវជ្រាវ ការងារបុរាណវិទ្យា បណ្ដុះបណ្ដាល ព្រមទាំងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសំបូរព្រៃគុកដែរ៕