(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ព្រមជាមួយសហការីចំនួន២១នាក់ មាន១៣សញ្ជាតិ នាថ្ងៃទី១៣ ខែមីនានេះ បានធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានពិភាក្សាពីការងារអន្តោប្រវេសន៍ជាមួយភាគីកម្ពុជា។

នាឱកាសនោះ លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែកមួយចំនួន ទទួលបដិសណ្ឋារកិច្ចលោកវរសេនីយ៍ឯក Korwaranon Glunprumsuwan និងសហការី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan និងសហការី ក៏បានពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញស្ដីពីទីតាំងភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ពន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត កិច្ចការងារសង្គម និងអំពើមនុស្សធម៌ ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក៕