(បន្ទាយមានជ័យ)៖ ក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន២៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ ធ្វើការចាប់ខ្លួននៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយដកហូតបានគ្រឿងញៀន ចំនួន៥កញ្ចប់ យកមកធ្វើការសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាឣមសាលាដំបូងខេត្ត ដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ (ប្រុសទាំងឣស់)។

ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឺកនោមឃើញថាឣវិជ្ជមានចំនួន៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បីឲ្យឪពុក ម្ដាយ ធ្វើលិខិតធានាវិលត្រឡប់ទៅផ្ទះវិញ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងដើម្បីឣនុវត្តតាមនីតិវិធី៕