(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជីកស្តារប្រឡាយមេ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរជាច្រើនរូបផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើគម្រោងផែនការដ៏ធំ ដើម្បីដោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងដល់តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។

លោករដ្ឋមន្ត្រីបន្តឲ្យដឹងថា ផលប្រយោជន៍ប្រឡាយមេ៩៦ គឺជាប្រព័ន្ធរំដោះទឹកមួយដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។ គិតមកដល់ពេលនេះ ការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ៣៥%។

គួរបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះគម្រោងការងារដែលត្រូវអនុវត្តមាន ទី១៖ ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល, ទី២៖ ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល, ទី៣៖ ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ, ទី៤៖ ប្រឡាយ៥៩ និង៩០ ប្រវែង១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី៥៖ ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៦)ព្រែកពាមសត្ថា ប្រវែង១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល, ទី៧៖ ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៨៖ ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕