(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ឥណទានសម្បទានចំនួន២១.១០៤ លានយ៉េន (ប្រមាណ១៥៤ លានដុល្លារអាមេរិក) ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍមន្ទីរពេទ្យក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ពិធីចុះហត្ថលេខាលើឥណទានសម្បទាននេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដោយ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។

ក្រសួងការបរទេស បានឱ្យដឹងថា ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»