(ស្វាយរៀង)៖ លោក​ ប៉េង​ ពោពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ​បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ភូមិកណ្ដាល និងភូមិពពូល ឃុំស្វាយចេក ស្រុករំដួល​ ខេត្តស្វាយរៀង។ 

នេះគឺជាលើកទី២ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣ ខណៈដែលលើកទី១ បានចែកបណ្ណចំនួន ១.៣៩៧បណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ។ ត្រឹមតែ ៣ខែ និង ១៣ថ្ងៃប៉ុណ្ណោះ សម្រេចបាននូវការចែកបណ្ណជូនប្រជាពលរដ្ឋ ចំនួន ៤ភូមិ ស្មើនឹងជាង ៤ពាន់បណ្ណ ក្នុងចំណោមបណ្ណដែលបានចេញរួច ចំនួន ១៣ភូមិ ស្មើនឹង ១៤.៣៨៥បណ្ណ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ។​ 

ទន្ទឹមនេះលោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយ ខេត្តស្វាយរៀង និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំស្វាយចេកក៏ដូចជានៅទូទាំងស្រុករំដួល​ នាឱកាសនេះ។

លោកបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា ដូចបានឃើញនាពេលនេះ៕