(ហាណូយ)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានឲ្យដឹងនៅរសៀល ថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌា នឹងផ្តល់កម្ចីប្រមាណជាង៥០០លានដុល្លារ អាមេរិកទៅឲ្យ វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការការពារប្រទេស ដែលទង្វើនេះស្តែងឲ្យឃើញពីចំណងមិត្តភាពកាន់តែជិតស្និទ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាវេលារសៀលថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
ប្រាក់កម្ចីដែល ផ្តល់ដោយនាយករដ្ឋមន្រ្តីឥណ្ឌានេះ គឺស្ថិតនៅក្នុងចំណោមបណ្តាកិច្ចព្រមព្រៀង សហប្រតិបត្តិការផ្សេងៗទៀតដែលលោក បានចុះហត្ថលេខានៅទីក្រុង ហាណូយ ជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។
សូមជំរាបថា ប្រទេសវៀតណាមកំពុងតែធ្វើការពង្រឹងវិស័យយោធានៅក្នុងប្រទេស ខណៈដែលចិនដែលជាប្រទេសជិតខាងគ្នានោះ កំពុងមានសន្ទុះខ្លាំងក្លា ក្នុងបញ្ហាជម្លោះទាមទារយកដែនសមុទ្រចិនខាងត្បូង ហើយក្រៅពីភាពជាដៃគូជាមួយអាមេរិក ឥណ្ឌាក៏ជាមហាអំណាចដ៏សំខាន់មួយដែរ ដែលខ្លួនត្រូវពឹងពាក់ក្នុងតំបន់៕