(ស្វាយរៀង)៖ បន្ទាប់ពីបំពេញបេសកកម្មនៅខេត្តព្រៃវែងរួចមក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បន្តដឹកនាំក្រុមការងារ រួមជាមួយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង និងក្រុមប្រតិបត្តិសាខា ចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ពិធីនេះមានការចូលរួមពីលោក ហែម សារិទ្ធ ប្រធានកិត្តិយសអនុសាខា មន្ត្រី បុគ្គលិក ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុប ១៤៥នាក់ ស្រី៧៥នាក់ នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

លោកអគ្គលេខាធិការរងទី២ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូនអង្គពិធីទាំងមូលដោយក្តីនឹករលឹក យ៉ាងជ្រាលជ្រៅ និងបានបង្ហាញជូននូវគោលបំណងនៃការចុះផ្សព្វផ្សាយ៖ (១) ដើម្បីផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ (២) បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា (៣) បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។ 

ជាមួយគ្នានេះ លោកបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ២០២១-២០៣០ បាននិងកំពុងធ្វើការអប់រំសុខភាព និងកសាងភាពធន់នឹងអាកាសធាតុ ស្របតាមមូលបទ ៨ ឧសភា ២០២៤ ពោលគឺយកចិត្តទុកដាក់បំផុតចំពោះគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសអាទិភាពទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល»

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបង្កើតឱ្យមានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងនៅសាខាទាំង២៥រាជធានីខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើសុខភាពស្ត្រី មាតា ទារក និងកុមារ ការអប់រំផ្សព្វផ្សាយពីជំងឺអេដស៍ធ្វើយ៉ាងណាកាត់បន្ថយការឆ្លងថ្មីនិងស្លាប់នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រុមការងារបានផ្សព្វផ្សាយអំពីសហគមន៍មានសុខភាពល្អទាក់ទងនឹងការកាត់បន្ថយនូវជំងឺឆ្លង និងជំងឺមិនឆ្លង និងបានលើកឡើងពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ការបាត់បង់ជីវចម្រុះ, និងការបំពុលបរិស្ថាន ដែលបណ្តាលឱ្យមានបញ្ហាសុខភាព, វិបត្តិផ្លូវចិត្ត, ជីវភាពរស់នៅ, ចំណាកស្រុកជាដើម។ ដើម្បីចូលរួមចំណែក កាត់បន្ថយ បន្ស៉ាំ និងមានភាពធន់នឹងអាកាសធាតុរួមមាន៖ កាត់បន្ថយការប្រើប្រាស់អគ្គិសនី, ប្រើប្រាស់រថយន្តក្រុងរួម, ប្រើប្រាស់យានយន្តអគ្គិសនី, សន្សំសំចៃទឹក, ដាំដើមឈើ, ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ, កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកជាដើម។

ជាមួយគ្នានោះ អ្នកចូលរួមមានសេចក្តីរីករាយ និងឆ្លើយសំណួរ យ៉ាងផុលផុសអំពីសហគមន៍មានសុខភាព និងមានភាពធន់នឹងអាកាសធាតុ ព្រមទាំងបានទទួលរង្វាន់លើកទឹកចិត្តចំនួន១២នាក់ ក្នុងម្នាក់ទទួលបានបំពង់ទឹក១ និងសាប៊ូ៤ដុំ ដោយឡែកអ្នកចូលរួមផ្សេងទៀតក៏ទទួលបានអង្កសុខភាពក្នុងម្នាក់១កញ្ចប់ផងដែរ។

សូមជម្រាបជូនថា ការចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រុមការងារបានចុះទៅតាមខេត្តគោលដៅចំនួន៥ (ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង និងពោធិសាត់) នៅសាកលវិទ្យាល័យចំនួន៦នៅក្នុងរាជធានីភ្នំពេញ (សាកលវិទ្យាល័យជាតិគ្រប់គ្រង ភូមិន្ទនីតិសាស្ត្រ ភូមិន្ទភ្នំពេញ ព្រះសីហមុនីរាជា កម្ពុជា ភូមិន្ទកសិកម្ម) និងនៅអនុវិទ្យាល័យចំនួន២។

ជាទីបញ្ចប់ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីក្រុមប្រតិបត្តិសាខា-អនុសាខា សប្បុរសជននានា ដែលបានជួយទាំងធនធានសម្ភារៈថវិកា កន្លងមក និងសូមអំពាវនាវបន្តចូលរួមគាំទ្រជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌៕