(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកសិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។ សិក្ខាសាលានេះធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ, លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមក ពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោក ស្វាយ ស៊ីថា បានចាត់ទុកអង្គសិក្ខាសាលានាឱកាសនេះ មានសារសំខាន់ក្នុងការរួមមតិយោបល់គ្នាប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ ហើយកិច្ចការងារនេះ គឺទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងផ្នែកនយោបាយ និងសម្ភារៈដល់ក្រុមការងារនៅតាមបណ្តាខេត្ត រាជធានី ទាំង២៥។
ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគួសបញ្ជាក់ថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយ សម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនៃអង្គសិក្ខានេះលោក នេត្រ ភក្ត្រា បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» ក្នុងសិក្ខាសាលាទូទាំងប្រទេសការប្រឆាំង ព័ត៌មានក្លែងក្លាយស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»។

តាមរយៈបទបង្ហាញរបស់រដ្ឋមន្រ្តី សិក្ខាកាមប្រមាណជា៣៥០នាក់ ដែលជាអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក បានស្វែងយល់ពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យបរិវត្តកម្មឌីជីថល ស្វែងយល់ពីព័ត៌មានក្លែងក្លាយ (ប្រភេពនៃព័ត៌មានក្លែងក្លាយ ផលវិបាកលើគ្រប់ទិដ្ឋភាពទាំងអស់នៃព័ត៌មានក្លែងក្លាយ) និងយន្តការទប់ស្កាត់ បង្ការ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា៕