(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ បន្ដចុះផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រារព្ធខួប១៦១ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ជាតិភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មាន សុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ដែលមានការចូលរួមដោយផ្ទាល់ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២មីនា ដែលជាបេសកកម្មថ្ងៃទី២នៃសកម្មភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានី បន្ទាប់ពីចុះផ្សព្វផ្សាយនៅសាកល​វិទ្យាល័យជាតិគ្រប់គ្រង។

មានប្រសាសន៍នៅក្នុងឱកាសផ្សព្វផ្សាយនោះ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីការងារ ដែលកាកបាទក្រហមកម្ពុជាបាននឹងកំពុងអនុវត្តផ្សព្វផ្សាយ ចំណុចគន្លឹះមួយចំនួនដើម្បីសហគមន៍មានសុខភាពល្អ គឺត្រូវសប្បាយចិត្តនាំឱ្យមានអាយុវែង ក្នុងនោះត្រូវមានទម្លាប់ល្អក្នុងការរស់នៅ ដោយត្រូវហាត់ប្រាណជាប្រចាំពិសាទឹកឱ្យបានគ្រប់គ្រាន់, សម្រាន្តឱ្យបានគ្រប់គ្រាន់ គិតល្អ គិតវិជ្ជមាននាំឱ្យមានសុខភាព ផ្លូវចិត្តល្អ។ លើសពីនេះការទទួលទានគឺជាការសំខាន់ គឺត្រូវអនុវត្តន៍ទៅតាមពាក្យស្លោក «ស្រលាញ់ខ្លួន ស្ងួន ចំណី» ដោយមិនត្រូវទទួលទានគ្រឿងស្រវឹង មិនពិសាបារី មិនត្រូវទទួលភេសជ្ជៈកំប៉ុងច្រើនពេក កាត់បន្ថយការទទួលទានប្រៃ ផ្អែម ខ្លាញ់ និងសាច់ និងត្រូវបរិភោគបន្លែផ្លែឈើឱ្យបានច្រើន។

ចំណែកលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករងនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមម្ពុជា បានធ្វើបទបង្ហាញស្តីអំពីភាពធនទៅនឹងអាកាសធាតុ វិធានការអនុវត្តពេលមានអាការសធាតុក្តៅខ្លាំងដោយទី១ ត្រូវពិសារជាតិទឹកឱ្យបានច្រើន ពិសេសទឹកដើម្បីរក្សាជាតិទឹក ស្លៀកសម្លៀកបំពាក់ស្រាល រលុង និងពណ៌ស្រាល ដែលធ្វើឱ្យងាយស្រួល ដកដង្ហើម និងសម្រួលដល់ការហួតញើស សូមស្នាក់នៅក្នុងផ្ទះ ឬស្វែងរកម្លប់ក្នុងពេលក្តៅខ្លាំង សម្រាកឱ្យបានទៀងទាត់ ឬម៉ាស៊ីនត្រជាក់ ឬប្រើក្រមាកន្សែងជ្រលក់ទឹក /កន្សែងជ្រលក់ទឹក ដើម្បីឱ្យរាងកាយត្រជាក់ ពាក់មួកហាមធំទូលាយ វែនតា និងឡេការពារកំដៅថ្ងៃ។ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺរុំាំរៃពិនិត្យពួកគាត់ឱ្យបានទៀងទាត់ និងធានាថាពួកគាត់មានជាតិទឹកគ្រប់គ្រាន់។
ចៀសវាងទុកកុមារ សត្វចិញ្ចឹម ឬអ្នកផ្សេងទៀតនៅក្នុងឡានចត ទោះបីក្នុងរយៈពេលខ្លីក៏ដោយ ព្រោះថាសីតុណ្ហភាពក្នុងរថយន្តអាចកើនឡើនឡើងយ៉ាងលឿន ហើយអាចបណ្តាលឱ្យស្លាប់។ ត្រូវដឹងពីសញ្ញាព្រមាន អស់កម្លាំង ក្តៅខ្លួន វិលមុខ ឈឺក្បាល ចង្អោរ បេះដូងលោតញាប់ អារម្មណ៍ច្របូកច្របល់ ដួលសន្លប់។ ប្រសិនបើនរណាម្នាក់មានករណីខាងលើត្រូវធ្វើការសង្គ្រោះបឋម និងស្វែងរកការព្យាបាលភ្លាមៗ។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន ក៏បានធ្វើបទបង្ហាញពីសកម្មភាពនានាដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ ដោយត្រូវផ្លាស់ប្តូរឥរិយាបថរស់នៅមានសុខភាពល្អ មានអនាម័យ សកម្មក្នុងការដាំដើមឈើ ដាំផ្កាលើកម្ពស់បរិស្ថានបៃតង ថែរក្សាខ្យល់បរិសុទ្ធ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើថាមពលអគ្គិសនី ដោយសន្សំសំចៃប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួមដូចជារថយន្តក្រុងជាដើម ដើម្បីជួយកាត់បន្ថយឧស្ម័នCO2ទៅក្នុងបរិយាកាស។ល។ បទបង្ហាញនេះមានការចាប់អាសម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត និងបានចូលរួមឆ្លើយសំណួរយ៉ាងផុលផុស។

ក្នុងឱកាសនោះលោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា សាស្ត្រសេដ្ឋកិច្ចបាន ថ្លែងឱ្យដឹងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យមានការបង្កើតក្រុមឥស្សរជនឆ្នើមថ្នាក់ជាតិទាំងថ្នាក់កណ្តាល ថ្នាក់សាខាទាំង២៥ រាជធានីខេត្ត ផ្តោតការយកចិត្តទុកដាក់សុខភាពមាតា ទារក កុមារ និងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ រួមជាមួយការអប់រំផ្សព្វផ្សាយឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុផងដែរ។

មកទល់ពេលបច្ចុប្បន្នក្លឹមយុវជនកាកបាទក្រហមកម្ពុជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាននឹងកំពុងចូលរួមការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្តអស់រយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងការចូលរួមជួយផ្សព្វផ្សាយដល់សហគមន៍ ហើយតាមរយៈកម្មវិធីផ្សព្វផ្សាយជាមួយប្រធានបទដ៏សំខាន់នៅថ្ងៃនេះប្អូនៗ នឹងបានជាប្រយោជន៍សម្រាប់ប្អូនៗ ជានិស្សិតយកទៅផ្សព្វផ្សាយបន្តនៅតាមសហគមន៍របស់ខ្លូនបន្តទៀត។

ថ្លែងនៅក្នុងឱកាសបូកសរុបលទ្ធផលកម្មវិធីផ្សព្វផ្សាយនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ ដោយបានឃើញយុវនិស្សិតបានចូលរួមឆ្លើយសំណួរទាក់ទងនឹងសុខភាព និងការប្រែប្រួលអាកាសធាតុបានយ៉ាងល្អ និងបានយល់បានស្គាល់ពីកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិមានឋានៈស្របច្បាប់ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ។

លោកស្រីបានថ្លែងអំណរគុណដល់សាកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានកៀរគរមូលធនមនុស្សចូលរួមសកម្មភាពដ៏ឧត្តុងឧត្តមរបស់កាកបាទក្រហមកម្ពុជា មិនតែប៉ុណ្ណោះ រៀងរាល់ទិវា៨ឧសភា សាកលវិទ្យាល័យ តែងតែឧតបត្ថម្ភគាំទ្រថវិកាជារៀងដរាបចំនួន១០ លើកមកហើយតាំងពីឆ្នាំ២០១៣មក។

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានបន្ថែមថា សម្តេចមហាបរវរធិបតីនាយករដ្ឋមន្រ្តីបាន លើកឡើងជាការប្តេជ្ញាចិត្តថា «ការលើកកម្ពស់សុខភាពប្រជាជន គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏តែតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ។សម្តេចកិត្តិបណ្ឌិតព្រឹទ្ធបណ្ឌិត ក៏បានណែនាំឱ្យយើង បង្កើតនូវយន្តការឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយបញ្ជ្រាបជាមួយរចនាសម្ពន័្ធដែលមានស្រាប់របស់កាកបាទក្រហមកម្ពុជា គឺបានធ្វើការយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ ក៏ដូចជាការទប់ស្កាត់ការរីករាលដាល ជំងឺអេដស៍ និងកាមរោគ»

លោកស្រីថ្លែងទៀតថា ដោយសារមូលបទឆ្នាំនេះមានលក្ខណៈពិសេសពាក់ព័ន្ធនឹងទាំងអស់គ្នា គឺដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ លោកស្រីបានអំបាវនាវដោយ ទទូចសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យុវជន ចូលរួមផ្សព្វផ្សាយទាក់ទងនឹងការថែរទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត ចូលរួមទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ចូលរួមលើកកម្ពស់បរិស្ថានបៃតង និងសូមបន្តបរិច្ចាកថវិកា សម្ភារៈជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធានគ្រប់គ្រាន់ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ជនរងគ្រោះ និង ងាយរងគ្រោះបំផុតប្រកបដោយបរិយាបន្ន។

សូមជម្រាបថាស្របពេលជាមួយសកម្មភាពរបស់លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជានេះដែរ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា រួមដំណើរដោយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអញ្ជើញបំពេញការងារនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្ជ្រៀច នាព្រឹកថ្ងៃទី១២មីនា បន្ទាប់ពីបានបញ្ចប់ការងារដូចគ្នានេះ នៅសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង នារសៀលថ្ងៃទី១១មីនាកន្លងទៅក្នុងបេសកកម្មជួបជាមួយប្រជាជនក្នុងសហគមន៍៕