(កណ្តាល)៖ លោកស្រី ឃួន សុដារី សមាជិការដ្ឋសភា មណ្ឌលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាតំបន់ដែលលោកស្រីធ្វើជាប្រធានគណ:ពង្រឹងស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងពេលចុះឈ្មោះបោះឆ្នោតនោះ លោកស្រី ឃួន សុដារី បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកលើកដែកទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ នៃការិយាល័យចុះឈ្មោះ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦កុំបីខាន។
សូមបញ្ជាក់ថានៅក្នុងស្រុកលើកដែកមានការិយាល័យបោះឆ្នោតចំនួន៧ ហើយពីរថ្ងៃកន្លងមកនេះមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតចំនួន ៤១,៣០៨នាក់។
ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ហើយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈប្រមាណ៣ខែ។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែកញ្ញា មានប្រជាពលរដ្ឋជាង ៣៧ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
ការចុះឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ប្រសិនបើប្រជាពលរដ្ឋមិនបានចុះឈ្មោះបោះឆ្នោតនាពេលនេះទេ ពួកគេមិនអាចទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨បាននោះឡើយ៕