(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ សមត្ថកិច្ចបានបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន៤កន្លែង នៅខេត្តចំនួន៣ ក្នុងនោះមានខេត្តកំពត២កន្លែង ខេត្តកំពង់ចាម១កន្លែង និងខេត្តព្រះវិហារ១កន្លែង ខណៈមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាប៣៣៥ទីតាំង នៅក្នុង១៩ រាជធានី-ខេត្ត ដោយក្នុងនោះបានវិធានការច្បាប់ ៨៧ទីតាំង និងបញ្ជូនទៅតុលាការ ២៦២នាក់ និងអនុវត្តវិធានការរដ្ឋបាល ២៤៨ទីតាំង៕