(ភ្នំពេញ)៖ ជាអ្នកកើត និងធំដឹងក្តីលើទឹកដីស្រុកកោះធំ លោក ស៊ុន ចាន់ថុល ត្រូវបានរាជរដ្ឋាភិបាលចាត់ឱ្យចុះជួយពង្រឹងការងារនៅក្នុងស្រុកកោះធំ ខេត្តកណ្តាលអស់ជាច្រើនឆ្នាំ។
ក្នុងនាមជាអ្នកចុះជួយការងារក្នុងស្រុកកោះធំ លោក ស៊ុន ចាន់ថុល រួមនឹងក្រុមការងាររបស់លោក តែងតែចំណាយពេលថ្ងៃចុងសប្តាហ៍សម្រាកពីការងារស្នូលជារាជការ ចុះពិនិត្យការរស់នៅនិងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ហើយបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលបំផុត។
ក្នុងនាមជាអ្នកជួយការងាររបស់រាជរដ្ឋាភិបាលក្នុងស្រុកកោះធំ លោក ស៊ុន ចាន់ថុល តែងតែបានកៀរគរថវិកាពីក្រុមការងារ និងសប្បុរសជននានា ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវបេតុងយ៉ាងខ្វែងខ្វាត់ បំពាក់អំពូលភ្លើងតាមដងផ្លូវ ជួយសាងសង់ជាសាលារៀន ទីអារាម និងមន្ទីរពេទ្យជាដើម។ លោក ស៊ុន ចាន់ថុល ក៏បានប្រឹងប្រែងជំរុញគម្រោងរបស់រាជរដ្ឋាភិបាល រហូតសាងសង់បានស្ពានឆ្លងកាត់ទន្លេបាសាក់ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា និងវៀតណាមផងដែរ។
ចំណងដៃអនុស្សាវរីយ៍ចុងក្រោយក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ ខេត្តកណ្តាលនោះ គឺមន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង ១០លានដុល្លារ។ មន្ទីរពេទ្យនេះ គឺជាសមិទ្ធផលមួយកើតចេញពីការផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយលោកបានធ្វើចលនាកៀរគរថវិកាសប្បុរសជនមកសាងសង់មន្ទីរពេទ្យនេះឡើង ដើម្បីផ្តល់សេវាសុខាភិបាលកម្រិតខ្ពស់មួយជូនដល់ប្រជាពលរដ្ឋ។
ក្នុងនីតិកាលទី៧នេះ លោក ស៊ុន ចាន់ថុល ត្រូវបានរាជរដ្ឋាភិបាលប្តូរមកចុះជួយការងារនៅក្នុងរាជធានីភ្នំពេញវិញម្តង ហើយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់តាំងឱ្យចុះជួយស្រុកកោះធំជំនួសវិញ។
សមិទ្ធផល និងសកម្មភាពជាច្រើនឆ្នាំ របស់លោក ស៊ុន ចាន់ថុល និងក្រុមការងារលើទឹកដីស្រុកកោះធំ បានក្លាយទៅជាកម្រងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ហើយធ្វើឱ្យប្រជាពលរដ្ឋស្រុកកោះធំ នឹករលឹក និងចងចាំមិនភ្លេចនូវទឹកចិត្ត និងការប្រឹងប្រែងរបស់លោក ស៊ុន ចាន់ថុល និងក្រុមការងារ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News ក្នុងថ្ងៃសម្ពោធមន្ទីរពេទ្យ «តេជោសែនកោះធំ» អ្នកស្រុកកោះធំ បានកោតសរសើរដល់ទឹកចិត្ត និងសកម្មភាពរបស់លោក ស៊ុន ចាន់ថុល និងក្រុមការងារ ក្នុងតួនាទីជាអ្នកចុះជួយស្រុកកោះធំនាពេលកន្លងទៅ។ ដូចពាក្យខ្មែរបានពោលថា «ទូកទៅ កំពង់នៅ» ដូចនេះទង្វើ និងសកម្មភាពផុសចេញពីបេះដូងដើម្បីប្រជាពលរដ្ឋក្នុងស្រុកកោះធំ របស់លោក ស៊ុន ចាន់ថុល និងក្រុមការងារ ក៏ទទួលបានការគោរពស្ញប់ស្ញែង និងនឹករលឹក ទោះបីលោកត្រូវបានផ្លាស់ចេញទៅហើយក្តី។
អ្នកស្រុកកោះធំ បានបង្ហាញក្តីរំពឹងថា ប្រធានក្រុមការងារចុះជួយស្រុកកោះធំថ្មី គឺលោក ប៉េង ពោធិ៍នា នឹងដាក់ចិត្តដាក់បេះដូង ដូចលោក ស៊ុន ចាន់ថុល ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ Fresh News ថា រូបលោក និងលោក ឈាង រ៉ា ដែលជាអ្នកមានស្រុកកំណើតក្នុងស្រុកកោះធំដែរនោះ ក៏មានក្តីនឹករលឹកប្រជាពលរដ្ឋក្នុងស្រុកកោះធំដូចគ្នា។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទោះបីរូបលោកអស់ភារកិច្ចជាអ្នកចុះជួយស្រុកកោះធំ ក៏លោក និងលោក ឈាង រ៉ា នៅតែរកពេលវេលាចុះជួបប្រជាពលរដ្ឋក្នុងស្រុកកោះធំ៕