(ស្វាយរៀង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព តាមបណ្តាខេត្តចំនួន១៣ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ត្រីនៅតាមមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តខិតខំកែលម្អរាល់ចំណុចអវិជ្ជមាននៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងសេចក្តីថ្លៃថ្នូរ។

ការថ្លែងណែនាំបែបនេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាល នៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ក្នុងប្រជុំនោះ ក៏មានការចូលរួមពីលោក តូច ប៉ូលីវា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង,លោក លោកស្រីវេជ្ជបណ្ឌិត អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៣រូប លោកប្រធាន អនុប្រធានការិយាល័យទាំង៤ចំណុះឲ្យមន្ទីរសុខាភិបាល, លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង៤៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបអ្នកចូលរួម៦៣រូប។

នៅក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្តល់អនុសាសន៍ឲ្យបែងចែកជាក្រុមការងារពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ក៏ដូចជាការលើកឡើងនូវផែនការអាទិភាពសម្រាប់ឆ្នាំ២០២៤ នៅមណ្ឌលសុខភាព ក្រោមដែនគ្របដណ្តប់របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ។

លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង​៤៩​ និងលោកប្រធានស្រុកប្រតិបត្តិទាំង៤ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តទាំងអស់ បានឯកភាពគ្នា លើការជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលបែបនេះ នៅ៣ខែក្រោយទៀត ដើម្បីពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តសកម្មភាពអាទិភាពឆ្នាំ២០២៤ ដែលបានផ្តល់ជូននាពេលប្រជុំនេះ ជាមួយការផ្តល់របាយការណ៍មកក្រុមការងារដែលសម្របសម្រួលដោយអនុរដ្ឋលេខាធិការទទួលបន្ទុកការងារសម្រាប់ខេត្តនេះតែម្តង នៅត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយភ្ជាប់ជាមួយផែនការជាក់លាក់របស់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពនីមួយៗផងដែរ សម្រាប់ឆ្នាំ២០២៤-២០២៥។

ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងជំនះលើបញ្ហាប្រឈមនានាជាបន្តបន្ទាប់ ដែលជាសញ្ញាល្អ នៃដំណើរការផ្លាស់ប្តូរដ៏មានតម្លៃសម្រាប់ការកែលម្អគុណភាពផ្ត់ល់សេវាឲ្យកាន់តែមានភាពល្អប្រសើរឡើង ដើម្បីលើកទឹកចិត្តជំរុញដល់ការអនុវត្តក្របខ័ណ្ឌជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តស្វាយរៀង។

លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកឡើងនូវសមិទ្ធផលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានរៀបចំដាក់ឲ្យប្រើប្រាស់នូវ Patient Monitor នៅតាមមណ្ឌលសុខភាពជាបន្តបន្ទាប់ ជាពិសេសភាពឆ្លាតវៃក្នុងការធ្វើនវានិនុវត្តន៍ នៃការរួមបញ្ជូលប្រព័ន្ធឌីជីថល ជាមួយនឹងការងារសុខាភិបាល គឺការបង្កើតបាននូវ «ខ្យូអរកូត (QR Code) របស់ទីតាំងមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព» ទាំងអស់នៅក្នុងខេត្តស្វាយរៀងផងដែរ៕