(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ជំនួយចំនួន ១២លានអឺរ៉ូ ឬប្រមាណ១៣លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ សំដៅពង្រីកបណ្តាញទឹកស្អាត ជូនដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត ជាពិសេសប្រជាជនមានជីវភាពលំបាក និងកម្មករកម្មការនី ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។
ការប្រកាសផ្តល់ជំនួយ ដើម្បីបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាតប្រកបដោយសុវត្ថិភាពនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី ជូតា អេភីលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំពេញទស្សនកិច្ច នៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ។ ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានអមដំណើរដោយ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមជាមួយតំណាងមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមាណជា៥០នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៣ ខែមីនា នេះ លោកស្រី ជូតា អេភីលឡៃនីន បានលើកសរសើរអំពីភាពដៃគូដ៏រឹងមាំ រវាងទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប ថាជាក្រុមការងារអឺរ៉ុបដ៏ខ្លាំងមួយ ជាពិសេសក្នុងវិស័យទឹកស្អាត។ ជាមួយគ្នានេះ លោកស្រីក៏បានរំលេចអំពីសារៈសំខាន់ នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយ និងជាកត្តាដ៏ចំបងក្នុងការជួយ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកស្រី បានលើកឡើងបន្តថា «ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ មានមោទនភាពក្នុងការប្រកាសការសន្យា ផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លាសហរដ្ឋអាមេរិក (១២ លានអឺរ៉ូ) ដើម្បីគាំទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)»។
លោក ហែម វណ្ណឌី បានថ្លែងនាឱកាសនេះថា រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយនៃការប្ដេជ្ញាចិត្ត ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ តាមរយៈគម្រោងនេះ នឹងជំរុញការតភ្ជាប់បណ្តាញទឹកស្អាតប្រវែងជាង៨៩៨គីឡូម៉ែត្រ ដែលប្រជាជនរាប់ម៉ឺនគ្រួសារទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
លោកលើកឡើងបន្ថែមថា៖ «ទន្ទឹមនឹងនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវដែលបានអញ្ជើញមកដោយផ្ទាល់ ក្នុងការចុះហត្ថលេខានូវគម្រោង Globle getewayនេះ ហើយម្សិលមិញនេះ គឺយើងទទួលបាននូវជំនួយឥតសំណងដែលមានតម្លៃប្រមាណ១២លានអឺរ៉ូ បន្ថែមទៀត ដើម្បីពង្រីកនូវបណ្តាញទឹកស្អាតនេះ ជូនដល់ប្រជាជនដែលលោកមានជីវភាពលំបាក បងប្អូនកម្មកររោងចក្រដែលស្ថិតនៅជាយរាជធានីភ្នំពេញ។ យើងឃើញថាបន្ទាប់ពីបញ្ចប់ការតភ្ជាប់នូវបណ្តាញទាំងអស់នេះ ជាពិសេសភាគខាងលិច និងខាងត្បូងជាយរាជធានីភ្នំពេញ ដែលកន្លងមកមានបញ្ហាប្រឈមខ្វះទឹកស្អាត នៅក្នុងសម្ពាធទឹកមិនបានខ្លាំង គឺបន្ទាប់ពីបញ្ចប់គម្រោងនេះទៅ យើងនឹងបានទឹកមួយដែលមានគុណភាព ទឹកមួយដែលមានសម្ពាធល្អ ហើយគ្រប់គ្នានៅតំបន់រាជធានីភ្នំពេញ តំបន់តាខ្មៅទទួលបានសេវាដែលមានសារៈសំខាន់នេះ»។
រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្ត្រវិនិយោគច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះបានជួយធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាទឹកស្អាត សម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឹកស្អាតបានចំនួន ៣៩០.០០០ ម៉ែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាត ដល់ប្រជាពលរដ្ឋរាប់លាននាក់។ គម្រោងនេះក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មី ដល់ប្រជាពលរដ្ឋប្រមាណ ១៧០,០០០ តំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២៥.០០០ តំណផងដែរ។
គម្រោងបាក់ខែងដំណាក់កាលទី៣. គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយទៀតគួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕