(កំពង់ស្ពឺ)៖ ក្រុមការងារអធិការកិច្ចអយ្យការ និងមន្ត្រីនគរបាលយុត្តធម៌ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានចុះធ្វើអធិការកិច្ច អយ្យការអមសាលាដំបូង មន្ត្រីនគរបាលយុត្តិធម៌ នៅពន្ធនាគារខេត្តកំពង់ស្ពឺ។
ការចុះធ្វើអធិការកិច្ចនេះ មានការចូលរួមពីសំណាក់លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្ត និងលោក ស៊ិន វិរៈ ព្រះរាអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីនគរបាលយុត្តិធម៌គ្រប់ស្ថាប័នប្រមាណ ១០០នាក់ ។
លោក លឹម សុគន្ថា បានថ្លែងថា តួនាទី និងអំណាចផ្លូវច្បាប់របស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងតួនាទី អំណាចផ្លូវច្បាប់របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី/ខេត្ត។ ចំពោះអំណាច អគ្គព្រះរាជអាជ្ញាអម សាលាឧទ្ធរណ៍ គឺឃ្លាំមើល និងត្រួតពិនិត្យនគរបាលយុត្តិធម៌ អាចកោះអញ្ជើញអ្នកទទួលខុសត្រូវ នៃអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិភាក្សាពីបញ្ហាទាក់ទងនឹងការប្រព្រឹត្តទៅរបស់អង្គភាពនគរបាលយុត្តិធម៌។ ប្រគល់ភារកិច្ចដល់មន្ត្រី ឬភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់ អោយបំពេញកិច្ចទាំងឡាយ ដែលខ្លួនយល់ឃើញថា មានប្រយោជន៍ដល់ការគ្រប់គ្រង និងដំណើរការល្អនៃនគរបាលយុត្តិធម៌។
អគ្គព្រះរាជអាជ្ញារង បានបន្តថា មានអំណាចការពិនិត្យការគោរពទម្រង់ច្បាប់ ចូលរួមស្តាប់ចម្លើយ ត្រួតពិនិត្យវិធានការណ៍ឃាត់ខ្លួន ការកាន់កាប់ និងគ្រប់គ្រងកន្លែងឃាត់ខ្លួន ហើយធ្វើអធិការកិច្ចបានគ្រប់ពេលវេលា នៅអង្គភាពនគរបាលយុត្តិធម៌។
សូមបញ្ជាក់ថា មន្រ្តីនគរបាលយុត្តិធម៌ មានតួនាទីយ៉ាងសំខាន់ទៅតាមដំណាក់កាលនីមួយៗ ដូចជា៖ ដំណាក់កាលស៊ើបអង្កេត។ នៅដំណាក់កាលស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ ជាសេនាធិការ និងស្ថិតនៅក្រោមការ សម្របសម្រួលរបស់ព្រះរាជអាជ្ញាមានសមត្ថកិច្ច»។
បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌រួមមាន៖ ទទួលបណ្ដឹងទាមទារ និងបណ្ដឹងបរិហារ។ ស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការអង្កេតបឋម។ ធ្វើកំណត់ហេតុលើគ្រប់ពាក្យបណ្ដឹង រៀបចំបញ្ជីពាក្យបណ្តឹង និងចំណាត់ការលើពាក្យបណ្ដឹងជាដើម៕