(ស្វាយរៀង)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានធ្វើនវានិវត្តន៍ នៃការបញ្ចូលប្រព័ន្ធឌីជីថល ដោយបង្កើតបាននូវខ្យូអរកូដ (QR Code) របស់ទីតាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់ ដែលស្ថិតនៅក្នុងខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា «យោងតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងទួលបានការអនុញ្ញាតពីលោកស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងការចង្អុលបង្ហាញ និងចុះជួយដោយផ្ទាល់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល និងមានការគាំទ្រសហការណ៍ពីអាជ្ញាធររដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកអភិបាលខេត្តស្វាយរៀង, លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានធ្វើនវានិវត្តន៍ នៃការបញ្ចូលប្រព័ន្ធឌីជីថល ដោយបង្កើតបាននូវ ខ្យូអរកូដ (QR Code) របស់ទីតាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់ដែលស្ថិតនៅខេត្តស្វាយរៀង»។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការធ្វើនវានិវត្តន៍ នៃការបញ្ចូលប្រព័ន្ធឌីជីថល ដោយបង្កើតបាននូវខ្យូអរកូដ (QR Code) របស់ទីតាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់ ដែលស្ថិតនៅខេត្តស្វាយរៀង ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងអំពីមណ្ឌលសុខភាពនៅទូទាំងខេត្តស្វាយរៀង មានប៉ុន្មានមណ្ឌលសុខភាព ហើយនៅក្នុងអូឌីនីមួយៗ មានប៉ុន្មានមណ្ឌលសុខភាព ក្នុងអូឌីនីមួយៗមានមន្ទីរពេទ្យបង្អែក ដែលជាមន្ទីរពេទ្យសម្រាប់មណ្ឌលសុខភាព សម្រាប់ទ្រទ្រង់មណ្ឌលសុខភាពផ្សេងៗ ក្នុងការបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាព មកមន្ទីរពេទ្យបង្អែក។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានបន្ថែមថា QR Code នេះក៏បានបង្ហាញអំពីការរត់ចម្ងាយផ្លូវដែលចាំបាច់ពីមណ្ឌលសុខភាពមកមន្ទីរពេទ្យបង្អែកនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចង្អុលបង្ហាញផ្លូវដល់ប្រជាពលរដ្ឋ ក៏ដូចជា៖ ក្រុមការងារថ្នាក់ជាតិ ឬក៏អតិថិជនដែលត្រូវការប្រើប្រាស់សេវាទៅមណ្ឌលសុខភាពនីមួយៗ ដូច្នេះ វាបានផ្តល់ភាពងាយស្រួលដល់មន្ត្រី​ និងប្រជាពលរដ្ឋក្នុងការបម្រើសេវាសុខភាពឱ្យដឹងពីមណ្ឌលសុខភាព នៅទីតាំងណាជាក់លាក់ ហើយចម្ងាយផ្លូវប៉ុន្មាន ពីផ្ទះរបស់ពួកគាត់ មិនមែនមានន័យថា រត់តែតាមផ្លូវរបស់មន្ទីរពេទ្យទៅមណ្ឌលសុខភាពនោះទេ តែក៏អាចអាចប្ដូរទីតាំងផ្លូវពីផ្ទះរបស់ពលរដ្ឋ ទៅមណ្ឌលសុខភាពមានចម្ងាយផ្លូវប៉ុន្មានដែរ៕