(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងវិហារដាណឺម៉ាកនៅកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងភាគីទាំងពីរ ក្នុងការអនុវត្តសកម្មភាព ស្តីពីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រួមគ្នានៅកម្ពុជា។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ (គ.ជ.គ.ម. ) និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាងលោកកិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម) និងលោក ហ្គាយ ខ្លាក (Mr. Guy Clarke) នាយកប្រចាំប្រទេស នៃអង្គការ DCA ព្រមទាំងមានការចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន (គ.ជ.គ.ម) ព្រមទាំងមន្ត្រី អង្គការជំនួយរបស់វិហារដាណឺម៉ាកនៅកម្ពុជា។

នាឱកាសនោះលោកបណ្ឌិត ហង្ស សាមឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការជំនួយរបស់វិហារដាណឺម៉ាកនៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកន្លងមក។

រំលេចថាការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ, លោកបណ្ឌិត ហង្ស សាមឿន បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រវាងភាគីទាំងពីរ ធ្វើឡើងក្នុងការអនុវត្តសកម្មភាព ស្តីពីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និង ការឆ្លើយតបគ្រោះអាសន្ន រួមគ្នានៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ ចូលជាធរមានសម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខា នាក្នុងខែមីនា ឆ្នាំ២០២៤នេះតទៅ។

ក្នុងនាមលោកកិត្តិសិង្គហបណ្ឌិត គន់ គីម លោកបណ្ឌិត ហង្ស សាមឿន បានធ្វើការកត់សម្គាល់ដោយសេចក្តីពេញចិត្តថា អង្គការ ជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤។ ជាបន្តបន្ទាប់អង្គការ ជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា និងជាពិសេសទៅទៀតនោះក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។

លោកបានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អង្គការអង្គការ ជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងជិតស្និទ្ធជាមួយ គ.ជ.គ.ម ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធាន និងកិត្តិសិង្គហបណ្ឌិត គន់ គីម ជាអនុប្រធានទី១ ដូចជា៖ ការរៀបចំវេទិកាជាតិ និងអន្តរជាតិ សិក្ខាសាលា ការបណ្តុះបណ្តាល ការបង្ក្រាបយេនឌ័រ និងសកម្មភាពនានាទៀតផង៕