(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវស្តង់តាំងបង្ហាញបន្លែរបស់កសិករខ្មែរ ក្នុងនៅពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិនៃវេទិការដ្ឋាភិបាលឌីជីថល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L។
គ្រប់បន្លែដែលត្រូវបានតាំងបង្ហាញនេះ គឺសុទ្ធសឹងបន្ថែសុវត្ថិភាព ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agriculture Practice) ហៅកាត់ថា CamGAP ដោយមានភ្ជាប់ប្រព័ន្ធ QR Code ដែលអនុញ្ញាតឱ្យអ្នកទស្សនា និងអ្នកប្រើប្រាស់ស្កេន តាមរយៈទូរស័ព្ទស្មាតហ្វូន អាចដឹងពីព័ត៌មានរបស់អ្នកផលិត កន្លែងផលិត កន្លែងវេចខ្ចប់ និងទីផ្សារលក់ផិតផល ដើម្បីផ្តល់ជំនឿចិត្តដល់អ្នកបរិភាគ ជាបន្លែសុវត្ថិភាពពិត មានប្រភពច្បាស់លាស់។
ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agriculture Practice) ហៅកាត់ថា CamGAP ត្រូវបានបង្កើត និងផ្តល់ជូនដល់កសិករដាំដុះបន្លែ ដែលអនុវត្តតាមគោលការណ៏នៃការអនុវត្តកសិកម្មល្អ ដែលចេញដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
លោកស្រី ហុង ច័ន្ទវិបុល អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដែលប្រចាំការនៅក្នុងពិព័រណ៍បានឱ្យដឹងព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា ការចូលរួមដាក់តាំងបង្ហាញនូវផលិតផលបន្លែសុវត្ថិភាព (CamGAP) រយៈពេល២ថ្ងៃមកនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនាពិព័រណ៍។
លោកស្រីបញ្ជាក់ថា ការតាំងបង្ហាញនេះ គឺដើម្បីឱ្យបងប្អូនដែលបានចូលរួមតាំងពិព័រណ៍ អាចសាកល្បងក្នុងការស្កេន QR Code ដែលដាក់ភ្ជាប់នៅលើបន្លែ ដើម្បីឱ្យដឹងព័ត៌មានពីប្រភពបន្លែទាំងនោះ ដើម្បីឱ្យពួកគាត់មានទំនុកចិត្តក្នុងការទិញបន្លែសុវត្ថិភាពយកទៅបរិភោគ។
បងប្អូនដែលបានចូលរួមទស្សនា ក៏បានបង្ហាញជាចម្ងល់ថា ចុះបើមានករណីក្លែងបន្លំផលិតផលបន្លែ ឧទាហរណ៍បន្លែនាំចូលមកពីក្រៅប្រទេស តែបិទផ្លាក CamGAP ភ្ជាប់ QR Code ដូចគ្នាតើមានវិធានការបែបណា? ចំពោះចម្ងល់នេះ លោកស្រី ហុង ច័ន្ទវិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម មានវិធានការត្រួតពិនិត្យដល់ទីផ្សារ ក្នុងករណីម្ចាស់កសិដ្ឋាន កន្លែងវេចខ្ចប់ ឬអ្នកផលិត ប្រព្រឹត្តមិនត្រឹមត្រូវ ពួកគាត់នឹងត្រូវបានចាត់វិធានការណ៏តាមច្បាប់ដែលបានកំណត់។
លោកស្រី ហុង ច័ន្ទវិបុល បានបញ្ជាក់ទៀតថា បន្លែសុវត្ថិភាពដែលមានបិទស្លាក CamGAP ភ្ជាប់ QR Code មានលក់នៅតាមផ្សារទំនើប និងផ្សារកសិកផលមួយចំនួនធំ សម្រាប់ទីផ្សារលក់រាយក៏មានលក់ខ្លះដែរ ហើយក្រសួងកំពុងព្យាយាមជំរុញឱ្យបន្លែសុវត្ថិភាពនេះ មានលក់នៅតាមផ្សារទូទៅ នៅទូទាំងប្រទេស៕