(ពោធិ៍សាត់)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងនគរបាលចំនួន២៥០នាក់ ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសទន្ទ្រានដីព្រៃ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
កម្លាំងដែលចូលរួមប្រតិបត្តិការនេះ រួមមាន កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន៥០នាក់ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន២០០នាក់ ដោយធ្វើការបែងចែកកម្លាំងជា១០ក្រុម ក្នុង១ក្រុម មាន២៥នាក់ ដើម្បីសហការជាកម្លាំងកងរាជអាវុធហត្ថ និងសមត្ថិកិច្ចចម្រុះខេត្តពោធិ៍៍សាត់ ចូលទទួលខុសត្រូវតាមគោលដៅទាំង១០។
* គោលដៅទី១ ចំណុចខ្នង១៦ ក្នុងភូមិអូរសួស្ដី ឃុំថ្មដា
* គោលដៅទី២ ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មបាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ
* គោលដៅទី៣ ចំណុចអូរ១ អូរ២ ក្នុងភូមិអូរដីខ្មៅ និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំង ភ្នំក្នុងភូមិដីក្រហម ឃុំអន្លង់រាប
* គោលដៅទី៤ ចំណុចសហគមន៍ក្រាំងរដៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប
* គោលដៅទី៥ ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើ
* គោលដៅទី៦ ចំណុចជើងភ្នំខ្មោច ភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០, ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប
* គោលដៅទី៧ ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើពីរ
* គោលដៅទី៨ ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើពីរ
* គោលដៅទី៩ ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ
* គោលដៅទី១០ ចំណុចអូរទី២ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសំណេះសំណាល និងណែនាំកងកម្លាំងទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យបានជោគជ័យ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន បានប្រគល់ថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន១០០លានរៀល និងប្រេងសាំងចំនួន១ម៉ឺនលីត្រ ជូនដល់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផងដែរ៕