(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យការសាងសង់ផ្ទះចំនួន ១៥០ខ្នង និងសាលារៀនមួយខ្នងជូនយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះពិនិត្យការសាងសង់នេះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឲ្យក្រុមជាងយកចិត្តទុកដាក់សាងសង់ឲ្យមានគុណភាព ជាពិសេសថ្នាក់ដឹកនាំមណ្ឌលត្រូវតាមដានការសាងសង់ឲ្យបានដិតដល់ ហើយត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំនូវដំណើរការសាងសង់នេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ឲ្យដឹងថា ផ្ទះទាំង ១៥០ខ្នង គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសនៅចំពោះមុខយោធិនពិការថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខ របស់យោធិនពិការ ក៏ដូចជាអតីតយុទ្ធជន ហើយតែងបានផ្តល់ការឧប្ថម្ភថវិកាចូលរួមសាងសង់ផ្ទះសម្រាប់ជនពិការ និងជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត៕