(ភ្នំពេញ)៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសរំលេចថា ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ជាគោលដៅគន្លឹះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានអញ្ជើញជាវាគ្មិនកិត្តិយសតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុង «វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤» និង «ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ»។ វេទិកានេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ប្រធានបទវគ្គទី៥ នៃវេទិការដ្ឋាភិបាលឌីជីថលនេះ និយាយអំពីការចាប់យកការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដែលក្នុងវគ្គនេះ មានការអញ្ជើញចូលរួមពីស្ថាប័នរដ្ឋ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និយាយអំពីការផ្តល់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធឌីជីថល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិ នៃកម្ពុជា ដែលសុទ្ធសឹងចែករំលែកបទពិសោធន៍ជុំវិញការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ បញ្ហាប្រឈមដែលកើតមានកន្លងមក និងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការលើកឡើងអំពីគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀតនៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ដើម្បីឆ្លុះបញ្ចាំងឆ្លើយតបទៅនឹងគោលនយោបាយ នៃរាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះការផ្តោតទៅលើបច្ចេកវិទ្យា ជាអាទិភាពសំខាន់មួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥។
ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រសួងឈានមុខមួយរបស់រាជរដ្ឋាភិបាល ដែលបានធ្វើបរិវត្តកម្មសេវាសាធារណៈរបស់ខ្លួនដោយបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យា។ សេវាសាធារណៈរបស់ក្រសួងរហូតដល់ទៅជាង៣០០ប្រភេទ ក្នុងចំណោម ៥០០ប្រភេទ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធឌីជីថល។ លោក ហ៊ាង សុទ្ធាយុត្តិ ជាជនបង្គោលមួយរូបក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។
លើវេទិកាចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីសម្រួលការផ្តល់សេវាសាធារណៈ លោក ហ៊ាង យុទ្ធាយុត្តិ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់យកបរិវត្តកម្មឌីជីថល តាំងពីចុងឆ្នាំ២០១៦ ដោយបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈ មានដូចជា ប្រព័ន្ធចុះបញ្ជីយានយន្ត ផ្តល់បណ្ណបើកបរ កម្មវិធីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប្រព័ន្ធទូទាត់ប្រាក់រួមជាមួយជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារដៃគូ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរាយការណ៍ពីជង្ហុកសម្បុកមាន់ កម្មវិធីកាត់ពិន្ទុផាកពិន័យជាមួយក្រសួងមហាផ្ទៃ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ពន្លឿននីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានកាន់តែលឿនរហ័សជាងមុន ដោយការចេញវិក្កយបត្ររួមគ្នាពីការផ្តល់សេវានីតិវិធីត្រូវទៅមកបីកន្លែង ហើយចំណាយពេលរហូតដល់បីសប្តាហ៍ ថយមកនៅត្រឹមបីថ្ងៃ និងធ្វើនៅតែមួយកន្លែង គឺកន្លែងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយគយ ដើម្បីផ្ទៀងផ្ទាត់សន្លឹកពន្ធនាំចូលនៅពេលដែលធ្វើការចុះបញ្ជី ពន្លឿនពេលវេលាផ្តល់សេវា ហើយលុបបំបាត់នូវការប្រើប្រាស់ឯកសារក្លែងក្លាយ ដែលធ្វើឱ្យខាតបង់ថវិកាជាតិ។
បន្ថែមពីលើនេះក្រសួងក៏បានបង្កើតប្រព័ន្ធផ្លាកលេខពិសេសចុះបញ្ជីយានយន្តរាជធានី-ខេត្ត និងផ្លាកលេខកម្ពុជា ដែលជាលេខពិសេសផ្ទាល់ខ្លួន ដែលផ្តល់នូវជម្រើសនៅក្នុងការស្វែងរកលេខចុះបញ្ជីបាន តាមរយៈគេហទំព័រៈ vehicle.mpwt.gov.kh ហើយប្រព័ន្ធនេះ ជាមុខព្រួញនៃការប្រមូលចំណូលមួយជូនរដ្ឋ ក៏ដូចជាផ្កល់នូវជម្រើសយ៉ាងសម្បូរបែបជូនទៅដល់ប្រជាពលរដ្ឋដែលចង់ជ្រើសរើសផ្លាកលេខយកមកបំពាក់យានយន្ត។
លោក សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ក្រសួងក៏មានគំនិតផ្តួចផ្តើមជាច្រើន ដែលបានដាក់ចេញបន្ថែមទៀត ក្នុងស្មារតីជួយទៅដល់វិស័យឯកជនទៅលើការផ្ទៀងផ្ទាត់ទិន្នន័យចេញចូលយានយន្តផ្លូវល្បឿនលឿនដោយស្វ័យប្រវត្តិ ការបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខយានយន្ត ក៏ដូចជាតាមរយៈឧបករណ៍ ETC ចេញចូលផ្លូវល្បឿនលឿន សំដៅចូលរួមកាត់បន្ថយការកកស្ទះ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៅពេលប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម។ល។
បើតាមលោក សុទ្ធាយុត្តិ ការធ្វើបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈនេះ ធ្វើឱ្យប្រជាពលរដ្ឋសាទរ និងពេញចិត្ត ព្រោះបានកាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។ ជាពិសេសលុបបំបាត់ការចំណាយកម្រៃសេវាក្រៅផ្លូវការ។
មន្ត្រីដែលបញ្ចប់ការសិក្សា និងមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា លោក ហ៊ាង សុទ្ធាយុុត្តិ បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែខិតខំបន្តទៀតក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីទ្រទ្រង់ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងគម្រោងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងក៏ដូចជាការប្រើប្រាស់ឌីជីថលដើម្បីទ្រទ្រង់ការគ្រប់គ្រងក្រសួង-ស្ថាប័ន មានជាអាទិ៍រដ្ឋបាលផ្ទៃក្នុងក្រសួង៕