(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងឧកញ៉ានៅកម្ពុជា ដោយបានស្នើឱ្យដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយដោយ ចំពោះបុគ្គលឧកញ៉ាដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា បានសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បុគ្គល ឬអង្គភាពព័ត៌មានមួយចំនួន នៅតាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក និងតិកតុកជាដើម ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្ត ដែលមានងារជា ឧកញ៉ា។ ក្រោយពីបានពិនិត្យទៅលើបរិបទ និងខ្លឹមសារទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយពេក ដោយមិនផ្តោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀត ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។

សមាគមឧកញ៉ាកម្ពុជា សូមស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយ ដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ា ទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុប គឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យ៉ាងសស្រាក់សស្រាំ តាំងតែពីដើមរៀងមក។

សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាង ឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។

ទន្ទឹមនឹងនេះដែរ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់គណនីទាំងនោះ ធ្វើការលុបចោលជាបន្ទាន់ នូវការចុះផ្សាយព័ត៌មាននោះ និងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែសូមធ្វើការចុះផ្សាយ តែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ ដោយចំពោះ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងមូលឡើយ។

សូមធ្វើការទាក់ទងមក អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការចំពោះព័ត៌មានអំពីគោរមវន្ត៕