(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ ជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីការពង្រឹងប្រព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្រ្កាបទប់ស្កាត់ក្មេងទំនើង និងការបង្ក្រាបបទល្មើសនានា ក្នុងក្រុងប៉ោយប៉ែត ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអនុវត្ត គោលនយោបាយភូមិឃុំសុវត្ថិភាព សម្រាប់មូលដ្ឋានក្រុងប៉ោយប៉ែតផ្ទាល់។

បណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសើរចំពោះបញ្ជាការឯកភាព និងសម្ថកិច្ចក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តការងារស្នូល និងការងារអន្តរាគមន៍នានា ពិសេសការងារបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗ យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។
លោកប្រធានក្រុមការងារ បានស្នើឲ្យបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ត្រូវបន្តទទួលខុសត្រូវលើការងារការពារសន្តិសុខសង្គមនេះ ឲ្យបានល្អប្រសើរ គ្រប់ពេល ដើម្បីប្រជាពលរដ្ឋ មូលដ្ឋានក្រុងប៉ោយប៉ែត មានសេចក្តីសុខសុវត្ថិភាព សប្បាយរីករាយ និងមានឱកាសប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹមគ្រប់ពេល «យើងទាំងអស់គ្នា រួមគ្នាធ្វើការងារ ដើម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ព្រោះប្រជាពលរដ្ឋក្រុងប៉ោយប៉ែត គឺជាគ្រួសាររបស់យើងទាំងអស់គ្នា»