(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធីបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីពេលថ្មីៗនេះសម្តេចបានឱ្យគោលការណ៍ទៅក្រសួងសុខាភិបាល ត្រូវធានាដេញថ្លៃទិញថ្នាំ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីធ្វើយ៉ាងណាទម្លាក់ទៅដល់មណ្ឌលសុខភាព នៅតាមមូលដ្ឋាន ត្រូវមានថ្នាំល្អ មិនហួសសុពលភាព និងមានសម្ភារៈបរិក្ខាពេទ្យដែលមានគុណភាពខ្ពស់ ដែលជាកិច្ចការសំខាន់សម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់បរិមាណក្រុមគ្រូពេទ្យ មណ្ឌលសុខភាព ត្រូវបានរុញទៅដល់មូលដ្ឋាន ប៉ុន្តែ ក៏នៅសល់ឃុំបន្តិចបន្តួចនៅតំបន់ដាច់ស្រយាល តែរាជរដ្ឋាភិបាលកំពុងតែពិនិត្យដើម្បីបំពេញបន្ថែមជាជំហ៊ានៗ ខណៈដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងគុណភាពលើផ្នែកសុខាភិបាល ជាងការពង្រីក។ រីឯមន្ត្រីផ្នែកសុខាភិបាលក៏ត្រូវបានជ្រើសរើសថ្មីជាច្រើនតាមរយៈការប្រឡងប្រជែង ព្រមទាំងមានការបណ្តុះបណ្តាលសមត្ថភាព និងលើកទឹកចិត្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «អីឡូវកំពុងតែដាក់ថវិកាបន្ថែមដើម្បីទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីបង្កើនអីឡូវដូចយើងអាចផ្តល់ជូន៥ថ្ងៃ ឬមួយអាទិត្យ អញ្ចឹងថ្ងៃក្រោយបង្កើនថវិកា ដើម្បីអាចធានាផ្តល់ជូនគាត់បានច្រើនជាងហ្នឹង ព្រោះអាហ្នឹងត្រូវការជាប់រហូត»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបញ្ជាទិញថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែមនេះ គឺធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ដំណើរពីចម្ងាយបើកថ្នាំពីមន្ទីរពេទ្យញឹកញាប់ពេក ខណៈដែលមានអ្នកជំងឺមួយចំនួនពួកគាត់មានលំនៅឆ្ងាយពីទីតាំងបើកថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ៗថា យើងត្រូវពង្រឹងអ្វីឱ្យចំគោលដៅ ដូច្នេះ អ្វីដែលសំខាន់ថ្នាំ និងសម្ភារៈសុខាភិបាលត្រូវបានល្អ និងមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ។ យើងមិនអាចចោលប្រជាពលរដ្ឋណាម្នាក់នោះឡើយ គ្រប់គ្នាគឺជាកម្លាំងរបស់ជាតិ។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ៕