(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីទី១២ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង (Boo Young) ដែលជាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឱ្យទទួលយកនិស្សិត និងសិក្ខាកាមរបស់កម្ពុជាឱ្យចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បីដកស្រង់បទពិសោធន៍ការងារ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងក្រុមហ៊ុនស្តង់ដាអន្តរជាតិមួយនេះ។

ការជំរុញដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក យ៉ុងមេន លី (Yong Man Lee) ប្រធានក្រុមហ៊ុនប៊ូយ៉ុង (Boo Young)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានគូសបញ្ជាក់ពីចំណុចសំខាន់នៃការផ្តល់ឱកាសកម្មសិក្សាដែលក្រុមហ៊ុនអាចទទួលយកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិតតាំងពី ថ្នាក់ជំនាញបច្ចេកទេស កម្រិតការងាររដ្ឋបាល រហូតដល់កម្រិតគ្រប់គ្រងដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញដល់យុវជនកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាផែនការអាទិភាពមួយនៃផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំរបស់ក្រសួង ហើយក៏ជាចំណុចគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

ជាងនេះទៀត លោក ហេង សួរ បានលម្អិតពីកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលជាផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យយុវជនមានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក្លាយជាកម្លាំងពលកម្មដែលមានសមត្ថភាព និងផលិតភាពខ្ពស់។ ត្រង់ចំណុចនេះលោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការផ្តល់សម្ភារៈ ឧបករណ័ ដល់កម្ពុជាដើម្បីពង្រឹងសមត្ថភាពនៃការសិក្សា និងអនុវត្តជាក់ស្តែង។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង បានអបអរសាទរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ ក្រសួងលើការ
បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអះអាងថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យ ដ៏សំខាន់មួយនេះរបស់រាជរដ្ឋាភិបាល៕