(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងថា ឲ្យតែប្រជាពលរដ្ឋនៅតែបន្ដផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា ក៏នៅតែបម្រើ និងកសាងសមិទ្ធផលជាបន្ដបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ដូចអ្វីដែលបានសន្យាដោយគ្មានការភូតកុហកអ្វីនោះឡើយ។
ជាក់ស្ដែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅស្រុកកោះធំ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតជារឿងដ៏សំខាន់ ក្នុងការផ្ដល់នូវលទ្ធភាពដើម្បីគណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងដាក់ចេញនូវឱកាសក្នុងការកសាងបន្ថែមនូវសមិទ្ធផលជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឲ្យតែផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាជន និងកសាងសមិទ្ធផលតាមកិច្ចសន្យា ដោយមិនមានការភូតកុហក នេះជាកិច្ចការដ៏សំខាន់»។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅស្រុកកោះធំ ខេត្តកណ្ដាល និងការថ្លែងអំណរគុណជូនម្ចាស់ឆ្នោតទាំងអស់ ដែលផ្ដល់នូវការទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំនេះ តាមរយៈការបោះឆ្នោតយ៉ាងច្រើនកុះករនាពេលកន្លងមក និងផ្ដល់ឱកាសដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំបន្ដ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការភ្ញាក់ផ្អើល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅស្រុកកោះធំទាំងអស់ ដែលទទួលបាននូវអគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ ក្នុងការបម្រើដល់វិស័យសុខាភិបាល និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចចាត់ទុកថា នេះជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ដូចអ្វីដែលជាការសន្យារបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលមិនមែនមានត្រឹមតែរូបភាពនៅលើក្រដាសនោះទេ។
គួរជម្រាបថា មន្ទីរពេទ្យនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់សរុប១៨ខែ និង១៣ថ្ងៃ។ មន្ទីរពេទ្យនេះសាងសង់លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា ចែកចេញជា៣អគារ ចំណាយថវិកាសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារអាមេរិក។
មន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕