(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី អនុប្រធាន, សមាជិក សមាជិកា គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល។

កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានោះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សា ស្តាប់នូវវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងដំណោះស្រាយ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារកំណត់អាទិភាព និងទិសដៅសកម្មភាពបន្ត។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តតួនាទីស្នូលរបស់ខ្លួនបានយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម និងជាកាលានុវត្តន៍ភាព ដើម្បីចូលរួមយ៉ាងសកម្មក្នុងបញ្ហាសង្គម និងបន្ដចូលរួមជាធ្លង់មួយជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ។

លោក ហ៊ុន ម៉ានី បានអះអាងទៀតថា តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តប្រជាជន ពិសេសយុវជនឲ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹង ពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទស្សវត្សទី១ ពិសេសការពង្រឹកវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។

លោកបានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ដបោះជំហានទៅមុខយ៉ាងមុះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៉ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជន ឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ រួមមាន មនុស្សធម៌ វប្បធម៌ សង្គម សិល្បៈ ការងារ និងមុខរបរ ជាមួយវិជ្ជាជីវៈ សីលធម៌ គុណធម៌ មនសិកាស្នេហាជាតិ និងសុទិដ្ឋនិយមខ្ពស់ចំពោះអនាគតរបស់ខ្លួន និងជោគវាសនារបស់ប្រទេសជាតិ៕