(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង យីហោ «មុំម៉ាស្សាកោសជប់៧២» ដែលបង្កប់សេវាផ្លូវភេទ និងឃាត់មនុស្សចំនួន១២នាក់ ក្នុងនោះមេកាស្រី២នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលបានដឹកនាំកម្លាំងផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយក្នុងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សសរុប១២នាក់ ប៉ុន្ដែ២នាក់ជាមេការ ហើយត្រូវបានកម្លាំងជំនាញនាំខ្លួនយកទៅសួរនាំ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា មេការស្រីឈ្មោះ នួន សុខណា អាយុ៣២ឆ្នាំ រីឯមេការប្រុសឈ្មោះ ប៊ុន គីម អាយុ២២ឆ្នាំ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ លួចបង្កប់សេវារកស៊ីផ្លូវភេទនេះបានបើកយូ មកហើយមិនឃើញសមត្ថកិច្ចប៉ុស្ដិ៍ ឬខណ្ឌ ចុះបង្រ្កាបនោះទេ ទើបពេលនេះឃើញខាងជំនាញ ចុះក្រសោបម្តងប្រមូលយកទៅលៀងខ្អែលចេញ៕