(ភ្នំពេញ)៖ សហភាពអឺរ៉ុប ប្រកាសធ្វើការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា ដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សា​ហ​កម្ម វិស័យអប់រំ និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមគ្នានោះ កិច្ចព្រមព្រៀងចំនួន៤​ពាក់​ព័ន្ធ​​ពាណិជ្ជកម្ម ថាមពល ការបណ្តុះបណ្តាល និងកសិកម្ម ត្រូវបានចុះហត្ថលេខា។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួល​បន្ទុកកិច្ចការភាព​ជាដៃគូអន្តរ​ជាតិ បានបង្ហាញការវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមានលើទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា។

ក្នុងជំនួបនោះ លោកស្រី Jutta Urpilainen បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក​ស្រី ក៏បានអបអរសាទរជូនចំពោះសម្ដេចធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី​កាលពីខែ​សី​ហា ឆ្នាំ​២០២៣ កន្លងទៅនេះ។ លោកស្រី ក៏ឆ្លៀតអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់​របស់កម្ពុជាក្នុងពេលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

លោកស្រី ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាង​សហ​ភាព​អឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កានាពេលកន្លងមក។ លោកស្រី បានជម្រាបសម្តេចធិបតី អំពីការកត់​សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេស​មាន​ការ​អភិ​វឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈាន​ទៅជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកស្រីក៏បានជម្រាបសម្តេចធិបតីថា សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជា​មួយ​រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សា​ហ​កម្ម វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។

ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកស្រី​ស្នង​ការអឺរ៉ុប នឹង​ធ្វើជា​​សាក្សីក្នុង​ពិធី​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ (១) កម្មវិធីភាពជាដៃ​គូសហ​ភាពអឺរ៉ុប-កម្ពុជា សម្រាប់​ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧, (២) កម្មវិធីពាណិជ្ជ​កម្ម និងវិស័យឯកជន, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប​សម្រាប់ការអនុវត្តថាមពល​ប្រកបដោយ​ចីរ​ភាពក្នុងឧស្សាហកម្ម និង (៤) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកប​ដោយចីរភាព។

លោកស្រី Jutta Urpilainen ក៏បានបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាស្នងការសហភាពអឺរ៉ុប លោកស្រី បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំ​បន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Jutta Urpilainen និងគណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះ​ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត​បញ្ចកោណ​-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបញ្ជាក់ពីការដាក់​ចេញនូវវិធានការគន្លឹះ និងវិស័យអាទិភាពរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ និងវិស័យ​សុខា​ភិ​បាល ព្រមទាំងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) សម្តេចធិបតី បានសម្តែងការអរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់​សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។

សម្តេចធិបតី និងលោកស្រីស្នងការអឺរ៉ុប ក៏បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌតំបន់ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងតំបន់ និងសាកល ដែលជាផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសហភាពអឺរ៉ុប៕