(ព្រះសីហនុ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្តពិសេសរបស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កិច្ចពិភាក្សានេះដឹកនាំដោយបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹកចិត្តពិសេស និងការសម្រួលនីតិវិធី។ គម្រោងទាំង៥នេះ រួមមាន៖
១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ
៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ជារួម, ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និង ជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និង ធុរកិច្ច ដោយរលូន។

សូមជម្រាបជូនថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និង សម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។

សម្រាប់ខែ មីនា និង ជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និងកំពុងទទួល និងពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ។

កិច្ចការទាំងនេះ ទទួលបានការគាំទ្រ និង ការចូលរួមសហការល្អពីក្រសួងស្ថាប័នដែលមានសមត្ថ-កិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕