(ឧត្តរមានជ័យ)៖ ទំនប់ត្រពាំងវែង ដែលស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមកនេះ ត្រូវក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញហើយ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមការណែនាំពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងការណែនាំពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ទំនប់ត្រពាំងវែង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានជួសជុល ថែទាំឡើងវិញហើយ។

លោកប្រធានមន្ទីរបានថ្លែងប្រាប់ទៀតថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ត្រពាំងវែង ដែលកំពុងអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម។

លោក ញឺន កួន បានថ្លែងបញ្ជាក់ទៀតថា ទំនប់ត្រពាំងវែងនេះ មានសក្តានុពលស្រោចស្រពស្រូវរដូវប្រាំងចំនួន១៥០ហិកតា ស្រូវរដូវវស្សាចំនួន ៧៣៧ហិកតា ដំណាំរួមផ្សំចំនួន១៥ហិកតា ហើយទំនប់ត្រពាំងវែងនេះ ក៏ជាប្រភពផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាតប្រើប្រាស់ក្នុងទីប្រជុំជនក្រុងសំរោងផងដែរ៕