(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគាំទ្រ និងលើកឡើងថា ការសម្រេចចិត្តបញ្ជូនកងកម្លាំងរាជអាវុធហត្ថចំនួន២៥០នាក់ ដើម្បីចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីកូនចៅតជំនាន់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈលទ្ធផលកិច្ចប្រជុំដំបូងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បង្ហាញពីអន្តរាគមន៍សំខាន់នៅខេត្តពោធិ៍សាត់ ដោយសារយើងចង់ទប់ស្កាត់កុំឱ្យមានការទន្រ្ទានដីព្រៃឱ្យទាន់ពេលវេលា។

លោក ខ្វៃ អាទិត្យា បានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើភាពស្អាត បៃតង និងចីរភាព។ ដើម្បីធានាការអនុវត្តយុទ្ធសាស្រ្ត យើងបានដាក់ចេញយុទ្ធនាការជាច្រើនក្នុងនោះ ក្នុងការអនុវត្តមុំបៃតង ដោយបានដាក់ចេញវិធានការ៤ នៅក្នុងអាណត្តិនេះ ដើម្បីប្រឆាំង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្នុងនោះចំណុចទី៣ គឺយើងត្រូវធ្វើការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បពង្រឹងបន្ថែមលើការប្រតិបត្តិរបស់គណបញ្ជាការឯកភាពរាជធានី ខេត្ត ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងវិធានការទី៤ គឺការដាំស្តារព្រៃ និងយុទ្ធនាការដាំឈើ១លានដើមក្នុងឆ្នាំ ដើម្បីសម្រេចគោលដៅបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «យើងការពារ និងអភិរក្សធនធានធម្មជាតិជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ។ ដូចនេះ ការទប់ស្កាត់ការទន្រ្ទាន ឬកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ឌិខុសច្បាប់ត្រូវតែបង្រ្កាប។ ក្រុមមន្រ្តីឧទ្យានុរក្សយើងបន្តយកចិត្តទុកដាក់សហការជាមួយអ្នកពាក់ព័ន្ធ ទប់ស្កាត់មិនឱ្យបទល្មើសកើតឡើង និងប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះ នៅកន្លែងនានាផ្សេងទៀត»

សូមបញ្ជាក់ថា តាមរយៈការអន្តរាគមន៍ ក្រុមការងារបានគាំទ្រជាកម្លាំង មធ្យោបាយ និងថវិកា ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារទប់ស្កាត់ និងបង្រ្កាបបទល្មើស និងបង្កើនការដាំដើមឈើឡើងវិញ។

«ខ្ញុំស្នើឱ្យមានការបញ្ឈប់ការកាប់រុករានដីព្រៃ ការប្រមាញ់សត្វព្រៃ ហើយអ្នកដែលពាក់ព័ន្ធត្រូវដកខ្លួនជាបន្ទាន់ បើមិនដូច្នោះទេនឹងត្រូវចាត់ការវិធានការរដ្ឋបាលចំពោះមន្រ្តណាពាក់ព័ន្ធ និងវិធានការច្បាប់តឹងរឹងចំពោះអ្នកប្រព្រឹត្តល្មើស។ ខ្ញុំស្នើឱ្យរួមគ្នាដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃ ថែរក្សាព្រៃដើម្បីអាចលក់កាបូន និងបានថវិកាជូនជាតិ និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងជីវភាពពលរដ្ឋយ៉ាងពិតប្រាកដ ជាមួយនឹងការអភិវឌ្ឍគោលដៅកម្សាន្តបៃតង» នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ខ្វៃ អាទិត្យា៕